(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩ នោះទេ ខណៈដែលនេះគឺជាថ្ងៃទី១៥ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ នៅទីក្រុង Zurich ប្រទេសស្វីស។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះគឺជាថ្ងៃ១៥ ដែលកម្ពុជាគ្មានជំងឺឆ្លងសូម្បីមួយករណី។ នេះមិនមែនកើតឡើងដោយចៃដន្យទេ។ យើងជម្នះនូវការលំបាកនេះខ្លាំងណាស់»

សម្តេចបន្តថា «ជាភព្វសំណាង មុនពេលកើតឡើងនូវរឿងនេះ បានសន្សំសាច់ប្រាក់ទុក បានប្រមាណជាង ៤ពាន់លានដុល្លារ។ នេះជាការសន្សំសាច់ប្រាក់ទុក ដែលខ្ញុំធ្លាប់និយាយហើយថា នាយករដ្ឋមន្ត្រីដែលលំបាកជាងគេ គឺនាយករដ្ឋមន្ត្រីអត់សាច់ប្រាក់»

សូមជម្រាបថា គិតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល១៤ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ ក៏គ្មានដែរ។

បើតាមការបញ្ជាក់ពីសម្តេចតេជោ ហ៊ុន សែន ភាពជោគជ័យនេះ កើតឡើងដោយសាររាជរដ្ឋាភិបាល មានផែនការច្បាស់លាស់ ជាពិសេសមានសាច់ប្រាក់សន្សំទុក ដើម្បីយកទៅប្រើប្រាស់។ ក្នុងន័យនេះ ការបញ្ជាទិញវ៉ាក់សាំង ជាផែនការសំខាន់ ដែលត្រូវចំណាយថវិកាជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់។ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវវិបត្តិជំងឺកូវីដ១៩ ទាញទម្លាក់រហូតដល់ ដល់ដក ២.៤ភាគរយ។ បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិក៕