(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស បានអញ្ជើញជាអធិបតីភាពពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី៥ រួមជាមួយវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋានសរុបប្រមាណ ៣.៩០៧ នាក់ឡាន ២២២គ្រឿង និងម៉ូតូ ៨៦១ គ្រឿង។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកកងមាសដែលបានផ្តល់ការគាំទ្រផ្តល់ឱកាសដល់ឯកឧត្តម និងក្រុមការងារ រួមទាំងមេឃុំទាំង១១រូប បានបំពេញភារកិច្ចអស់រយៈពេល៥ឆ្នាំកន្លងមកនេះ ដើម្បីបម្រើ និងជួយបង្កើនជីវភាព សុខុមាលភាពរស់នៅប្រជាពលរដ្ឋ បង្កើនការអភិវឌ្ឍលើគ្រប់ទិដ្ឋភាពនៅក្នុងគ្រប់ឃុំទាំងអស់ក្នុងស្រុកកងមាស។

លោកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមេឃុំមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យក្រុមការងារបានបន្តបំពេញភារកិច្ចបម្រើដល់ប្រជាពលរដ្ឋគ្រប់ឃុំ នៅស្រុកកងមាស ធានាឱ្យបាននូវសិទ្ធសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្តិភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះការអភិវឌ្ឍក្នុងមូលដ្ឋាន។

លោកបណ្ឌិត បានប្តេជ្ញានឹងបន្តផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ ប្រសិទ្ធភាព និងឆាប់រហ័សដើម្បីចូលរួមលើកស្ទួយជីវភាព និងការប្រកបរបរចិញ្ចឹមជីវិត ការពារផលប្រយោជន៍របស់ប្រជាជន ជាពិសេសបង្កើតការងារ មុខរបរ និងពង្រីកទីផ្សារ បន្តជួសជុលហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនភាពងាយស្រួលដល់ការរស់នៅ។ នៅតាមភូមិ និងតាមផ្ទះ មានអគ្គីសនី ទឹកស្អាត មានមណ្ឌលសុខភាពគ្រប់គ្រាន់ បន្តគាំទ្រដល់ការសិក្សារៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស។

លោកបណ្ឌិតសភាចារ្យ បានវាយស្គរជ័យប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីព្រះសង្ឃនិមន្តប្រោះព្រំដើម្បីសេចក្ដីសុខ និងជោគជ័យក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ លោករដ្ឋមន្ត្រី បានដឹកនាំក្បួនយុទ្ធនាការឃោសនានៅតាមឃុំនានាទូទាំងស្រុកកងមាស ដែលរួមមាន ឃុំរកាគយ ពាមជីកង ព្រែកក្របៅ អង្គរបាន សូរគង ខ្ចៅ រាយប៉ាយ រការអា កងតាណឹង ស្ដៅ និងឃុំព្រែកកុយ។

សូមជម្រាបថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ឃុំទាំងអស់ក្នុងស្រុកកងមាស មានភាពរីកចម្រើនលើគ្រប់វិស័យ សិស្សនិស្សិត បានសិក្សារៀនសូត្រក្នុងអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំល្អៗ ដែលក្រុមការងារបានកសាងបន្ថែម ជួសជុលថ្មី បំពាក់បរិក្ខាគ្រប់គ្រាន់ ជំរុញឱ្យការសិក្សាបានលទ្ធផលល្អជាងមុន មានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យកាន់តែច្រើនតាមរយៈការទទួលបានអាហារូបករណ៍ដែលផ្តល់ជូនដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋក្នុងស្រុក មានជីវភាពរស់នៅប្រសើរជាងមុនដោយមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបដូចជាផ្លូវថ្នល់ ស្ពាន អគារសិក្សា វត្តអារាម ប្រព័ន្ធប្រឡាយទឹក ទំនប់បង្ហៀរទឹក និងមណ្ឌលសុខភាពជាច្រើនកន្លែង។ ការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងឆាប់រហ័សជាងមុន ជួយឱ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួល និងល្អប្រសើរ៕