(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសង្គមថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀនចំនួន១១នាក់ ដែលបានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំត្បែងមួយ ស្រុកសង្គមថ្មី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

លោក សំ លាងទ្រី បានថ្លែងថា បន្ទាប់ពីក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឃុំត្បែងមួយចប់ ពេលដែលលោកអង្គុយហូបបាយជុំគ្នាជាមួយសមាជិកក្នុងស្នាក់ការ ក្រុមការងាររបស់លោកបាននិយាយប្រាប់លោកថា ព្រឹកមិញនេះ មានសមាជិកបក្សភ្លើងទៀនចូលរួមដង្ហែជាមួយយើងដែរ ហើយពួកគាត់ចង់ជួបលោក ឮក្រុមការងារនិយាយដូច្នេះលោកសឹងតែមិនជឿ ព្រោះមិនដែលមាន ទើបលោកអនុញ្ញាតឲ្យនាំពួកគាត់ចូលជួបដើម្បីសួរនាំចង់ដឹង តើការពិតនោះយ៉ាងណា។

លោក ស៊ុន វឿត ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បាននិយាយរៀបរាប់ថា លោកត្រូវបានក្រុមការងារគណបក្សភ្លើងទៀន ហៅឲ្យជួយផ្តិតមេដៃគាំទ្រ តែលោកមិនដឹងថាគាំទ្រអីទេ លោកចេះតែផ្តិតតាមគេទៅ បន្ទាប់មកគេថតរូបរបស់លោកថាផ្ញើទៅថ្នាក់លើ លុះក្រោយមកទៀតលោកឃើញរូបថត របស់លោកត្រូវគេយកទៅបិទនៅក្នុងបញ្ជីបេក្ខភាព ក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀន ទើបលោកមានការភ្ញាក់ផ្អើលក្នុងចិត្ត នឹងខឹងខ្លាំងណាស់ចង់ទៅហែករូបថតចោលទេ ដោយមានការណែនាំបងប្អូនលោកក៏សម្រេចចិត្តដាក់ពាក្សលាលែងវិញទៅ។

ដើម្បីបញ្ជាក់ពីការស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា និងដើម្បីកុំឲ្យគេយល់ច្រឡំថា លោកជាសមាជិកបក្សភ្លើងទៀនតទៅទៀត ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ លោកបានដឹកនាំសមាជិកចំនួន១០នាក់ទៀត ចូលរួមដង្ហែក្បួនឃោសនាជាមួយគណបក្សប្រជាជនកម្ពុជាឃុំត្បែងមួយ និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ព្រមទាំងសន្យានាំសមាជិកបក្សភ្លើងទៀនផ្សេងទៀង មកចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនថែមទៀតផង។

បន្ទាប់ពីបានស្តាប់ការបកស្រាយបំភ្លឺរបស់ថ្នាក់ដឹកនាំ សមាជិកបក្សភ្លើងទៀនទាំង១១នាក់រួចមក លោក សំ លាងទ្រី បានថ្លែងនូវការអរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការស្ម័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ពិសេសក៏សូមកោតសរសើរ ដែលបានចូលរួមដង្ហែក្បួនឃោសនា ជាមួយគ្នានាពេលនេះ។

លោក សំ លាងទ្រី ក៏បានថ្លែងបញ្ជាក់ផងដែរថា ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងអនុវត្តតាមការណែនាំពីលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ក្រុមការងារគណបក្ស ចុះជួយស្រុកសង្គមថ្មី បានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ តាមរយះការកសាងនូវអំពើល្អនិងការកសាងសមិទ្ធិផលនានាជូនពួកគាត់។

ដូច្នេះការសម្រេចចូលរួមពីសមាជិកបក្សភ្លើទៀននាពេលនេះ លោក សំ លាងទ្រី យល់ថា ដោយសារតែពួកគាត់មើលឃើញពីការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ពីសំណាក់ក្រុមការងារគណបក្សប្រជាជនកម្ពុជារបស់យើង មិនមែនគេចូលមកដោយសារយើងយកលុយទៅទិញទឹកចិត្តគេនោះទេ។ ហើយគណបក្សប្រជាជនកម្ពុជាក៏មិនមានវប្បធម៍យកលុយទៅទិញទឹកចិត្ត និងការស្រឡាញ់ពីអ្នកណាដែរ។ ការស្រឡាញ់ដោយបេះដូងទើបជាការស្រឡាញ់ពិតប្រាកដ។

ក្នុងនាមប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា ដោយត្រូវបោះឆ្នោតជូនគណបក្សប្រជឋជនកម្ពុជា ដើម្បីឲ្យ ភូមិ ឃុំ របស់យើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត មាន«គណបក្សប្រជាជនកម្ពុជាគឺមានសន្តិភាពនិងការអភិវឌ្ឍន៍»៕