(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានក្រុមយុវជនខេត្តកណ្ដាល នៅថ្ងៃបើកយុទ្ធនាការរកសម្លេងឆ្នោត បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង គណៈអចិន្រ្តៃយ៍គណបក្សក្រុង បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាគណបក្សការិយាល័យអង្គភាពជុំវិញក្រុង និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាក្រុងជាង៣០០០នាក់។

ថ្លែងក្នុងពិធីជួបជុំនោះលោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។

លោកបានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្ពុជា និងបានស្នើឲ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ទាប់ពីកម្មវិធីជួបជុំរួចមក លោក គង់ សោភ័ណ្ឌ បានដឹកនាំសមាជិកសមាជិកាទាំងអស់ដង្ហែក្បួនទូទាំងក្រុងតាខ្មៅ ស្រុកកៀនស្វាយ និងស្រុកស្អាងយ៉ាងឱឡារឹក កក្រើកតែម្ដងជាមួយនឹងសម្រែកស្រែកជយោបក្សប្រជាជន កងរំពងតាមសម្លេងធុងបាស អមដោយសមាជិកឈរអមសងខាងផ្លូវ ស្រែកប្រកាសជយោព្រមៗគ្នា ហាក់បង្ហាញឲ្យឃើញពីភាពសាមគ្គីគ្នាយ៉ាងក្លៀវក្លាក្រោមការដឹកនាំដ៏ប៉ិនសប្រសព្វរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងទឹកមុខញញឹម សប្បាយរីករាយ ស្រែកហ៊ោរកញ្រ្ជៀវពីសំណាក់ក្រុមយុវជនមានទាំងជិះម៉ូតូរាប់រយគ្រឿង និងឈរលើឡានជាច្រើនផ្សេងទៀត ជាមួយនឹងសម្លេងស្រែកជយោបក្សប្រជាជន បានញ៉ាំងពលរដ្ឋក្រុងតាខ្មៅ ហាក់មានជំនឿកាន់តែខ្លាំងឡើងពីសមត្ថភាព និងភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងដឹកនាំប្រទេសជាតិ កសាងជាតិឲ្យរីកចំរើន និងបន្តនិរន្តរភាពនេះតទៅមុខរហូត។

ស្ថិតក្នុងឱកាសនោះលោក គង់ សោភ័ណ្ឌ បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងសង្កាត់ទាំងអស់ឃុំនៅក្រុងតាខ្មៅ ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀតសម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុង មូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕