(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានសន្និបាត លើកទី៧៨ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP)។ ពិធីនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក ប្រទេសថៃ។

សម្រាប់ប្រតិភូកម្ពុជា ដឹកនាំដោយទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយផ្ទាល់ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

ទេសរដ្ឋមន្រ្តី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះអង្គសន្និបាត នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ទេសរដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យមីនដែលជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ហើយទេសរដ្ឋមន្ត្រី ក៏នឹងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី «ការធានាឱ្យបានភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់»

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក អំពីវិធានការជំរុញសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩៕