(កំពង់ចាម)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកយុវជន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីន ដឹកនាំយុវជនគណបក្សប្រជាជនទូទាំងខេត្តកំពង់ចាម នៅសួនក្រញូង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

គណៈកម្មាធិការគណបក្សខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា វត្តមានរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ គឺពិតជាបានញាំងឲ្យអង្គពិធី ប្រព្រឹត្តទៅប្រកបដោយមហាកិត្តិយស និងមហោឡាឫក្សក្រៃលែង និងជាពិសេស គឺជាការផ្តល់នូវភាពកក់ក្តៅ និងការលើកទឹកចិត្តដ៏មហិមា ពិសេសចំពោះបងប្អូនជាក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សទូទាំងខេត្ត ក្រុមយុវជនសកម្មបណ្តាញសង្គមរបស់ក្រុមការងារយុវជនគណបក្សខេត្ត ដែលមានចំនួនសរុប១,១៣៧ នាក់។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ខេត្តកំពង់ចាម គឺជាខេត្តមួយដែលបានរងឥទ្ធិពលពីវិបត្តិនៃជំងឺរាតត្បាតសកលកូវីដ១៩ ដូចគ្នានឹងបណ្តាខេត្តដទៃទៀតទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់
សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យខេត្តកំពង់ចាម បានឆ្លងផុតពីវិបត្តិដ៏រន្ធត់មួយនេះ តាមរយៈការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាច សាហាវមួយនេះ ពិសេសគឺការផ្តល់នូវវ៉ាក់សាំងបង្ការទៅដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើឲ្យមានភាពសាំបានយ៉ាងល្អនៅក្នុងសហគមន៍។

ម្យ៉ាងទៀតនៅខែមេសា កន្លងទៅនេះ កំពង់ចាមរកឃើញអ្នកឆ្លងថ្មីតែ៤នាក់ប៉ុណ្ណោះ ពោលគឺនៅដំណាក់កាលចុងក្រោយនេះ ស្ទើរតែអាចនិយាយបានថា គ្មានអ្នកឆ្លងថ្មីតែម្តង។ ដោយស្ថានភាពធូរស្រាលនេះ បានបើកឱកាសជូន ប្រជាជន ពិសេសយុវជនបានកំសាន្តសប្បាយដោយគ្មានការភ័យខ្លាច។ ជាក់ស្ដែងនៅក្នុងកំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក កន្លងទៅថ្មីៗនេះដែរ គឺមានប្រជាជន ចូលរួមកំសាន្តសប្បាយតាមរមណីយ ដ្ឋាននានា និងតាមវត្តអារាមជាដើម ដែលមានជាងកន្លះលាននាក់៕