(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចរាចរណ៍ បន្តចុះបិទស្ទីកឃ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃយ៍ ដែលបើកបរនៅតាមផ្លូវជាតិសំខាន់ៗ ក្នុងទិសដៅការពារ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមការណែនាំពី លោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តែងបានសហការជាមួយសមត្ថកិច្ច ចុះតាមដងផ្លូវ សំខាន់ៗ ចុះតាមក្រុមហ៊ុនដឹកជញ្ជូនតាមសាលារៀនបើកបរ តាមទីតាំងលក់ម៉ូតូ លក់គោយន្ត តាមសាលារៀននិងទីប្រជុំជននានា ក្នុងទិសដៅ អប់រំ ណែនាំ ឱ្យប្រជាពលរដ្ឋយល់ច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមគ្នាអនុវត្តនិងកាត់បន្ថយ។

លោក សំ លាងទ្រី បានថា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត កន្លងមកក៏តែងតែចុះរៀបចំកម្មវិធី ជួបជុំជាមួយប្រជាពលរដ្ឋនៅតាមភូមិឃុំនានា ដែលពួកគាត់ភាគច្រើនប្រើប្រាស់គោយន្តកន្ត្រៃយ៍ដោយបានធ្វើការ ណែនាំអប់រំ ឱ្យពួកគាត់មានការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការកើតឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីគោយន្តរបស់គាត់ កែឆ្នៃខុសលក្ខណះបច្ចេកទេស ដូចជាគ្មានភ្លើងសញ្ញា និងចំណាំងផ្លាតការពារ នៅពេលយប់ជាដើម។ ជាមួយនឹងការអប់រំ ណែនាំក្រុមការងារក៏បានចែកស្ទីកឃ័រចំណាំងផ្លាតដល់ពួកគាត់ សម្រាប់ទុកបិទនៅលើគោយន្តរបស់គាត់ទៀតផង។

បន្ថែមពីនេះលោក សំ លាងទ្រី ក៏បានលើកឡើងថា ការប្រគល់ស្ទីកឃ័រចំណាំងផ្លាត់ដល់ប្រជាពលរដ្ឋទុកសម្រាប់បិទ លើគោយន្ត ហាក់ពុំទទួលបានជោគជ័យសោះ ដោយពួកគាត់មួយចំនួនយកស្ទីកឃ័រ ដែលយើងប្រគល់ជូនគាត់ អត់យក ទៅបិទលើ គោយន្តទេ គឺយកទៅទុកនៅកៀនជញ្ជាំងផ្ទះ។ ដូច្នេះដើម្បីឱ្យមានប្រសិទ្ធិភាព លោកបានណែនាំមន្ត្រី ឈប់ចែកឱ្យប្រជាពលរដ្ឋតទៅទៀត គឺត្រូវចុះតាមដងផ្លូវដោយផ្ទាល់ ដោយសហការជាមួយសមត្ថកិច្ច ពេលឃើញ គោយន្ត អត់ចំណាំងផ្លាត គឺយើងហៅឱ្យគាត់ឈប់រួចបិទជូនគាត់តែម្តង គិតត្រឹមថ្ងៃនេះ ក្រុមការងារចុះបិទស្ទីកឃ័រ លើគោយន្តបានជិត២០០គ្រឿងនិងស្ទីកឃ័រជិត៧០០សន្លឹក៕