(ភ្នំពេញ)៖ បេក្ខជនជយលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គពាក់ផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ «វិធាការតំឡើងពន្ធថ្នាំជក់» កញ្ញា ស៊ិម ស្រីលៀប បានអះអាងថា ការដំឡើងពន្ធថ្នាំជក់ជាវិធានការដ៏ល្អបំផុត ជួយឱ្យអត្រាឈឺ ស្លាប់របស់ពលរដ្ឋដែលបង្កពីការ ប្រើប្រាស់ថ្នាំជក់មានការថយចុះ ហើយក៏រួមចំណែកជួយការពារបរិស្ថានពីការផលិត និងប្រើប្រាស់ថ្នាំជក់ ដែលជាប្រធានបទនៃទិវាពិភពលោកគ្មានផ្សែងបារី នាឆ្នាំ២០២២នេះ។

បេក្ខជនជយលាភី ស៊ិម ស្រីលៀប បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះនៅក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គពាក់ផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ «វិធាការតំឡើងពន្ធថ្នាំជក់» ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សហការជាមួយអង្គការអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបានធ្វើឡើងក្រោមវត្តមានលោកសាស្រ្តាចារ្យ ធា គ្រុយ បាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា
និងមានការចូលរួមពីលោកសាស្ត្រាចារ្យ អ៊ាន ហ្វីនលេ សាលកវិទ្យាធិការ និងអនុអធិបការបតីនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បេក្ខជន ស៊ិម ស្រីលៀប បានបញ្ជាក់ទៀតថា ទោះបីជាការដំឡើងពន្ធថ្នាំជក់ត្រូវបានមើលឃើញថាជាវិធានការឈ្នះៗ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនលើសលុបក្ដី មកទល់សព្វថ្ងៃក៏នៅតែមានឧបសគ្គមួយចំនួនដែលរារាំមិនឱ្យមានការដំឡើងពន្ធថ្នាំជក់នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានទាក់ទងទៅនឹងមតិបំភាន់ផ្សេងៗ ដែលក្រុមហ៊ុនថ្នាំជក់បានលើកឡើង និងចំណុចមួយទៀត គឺការព្រួយបារម្ភរបស់អ្នកសម្រេចចិត្តក្នុងការដំឡើងពន្ធថ្នាំជក់។

យុវជនរូបនេះបានបន្ថែមថា ជាការពិតណាស់វាមិនដូចទៅនឹងមតិមួយចំនួនដែលក្រុមហ៊ុនថ្នាំជក់បានលើកឡើងនោះឡើយ។ ផ្ទុយទៅវិញការដំឡើងពន្ធថ្នាំជក់ ជាវិធាន ការឈ្នះៗសម្រាប់រាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋកម្ពុជា។ ការដំឡើងពន្ធថ្នាំជក់មានអត្ថប្រយោជន៍យ៉ាងច្រើនលើសលុប គឺរាជរដ្ឋាភិបាលនឹងចំណេញ ទាំងចំណូលពន្ធរដ្ឋ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេស ជាពិសេសបន្ទាប់ពីការចំណាយដ៏ច្រើនក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

បេក្ខជនជយលាភីលេខ១រូបនេះ បានបន្ថែមថាបើក្រឡេកមកមើលអត្រាពន្ធថ្នាំជក់វិញ នៅកម្ពុជាមានអត្រាប្រមាណ ២៥%- ៣១% នៃតម្លៃលក់រាយប៉ុណ្ណោះ ដែលអត្រានេះនៅមានកម្រិតទាបខ្លាំង ធៀបនឹងអត្រាដែលណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក ហើយក៏ជាអត្រាមួយដែលទាបជាង បណ្ដាប្រទេសក្នុងតំបន់អាស៊ានទៀតផង។

ប្រទេសអាស៊ានដូចជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន ថៃ សុទ្ធតែមានអត្រាពន្ធលើផលិតផលថ្នាំជក់ លើស៥០%ធៀបតម្លៃលក់រាយ។ ជាក់ស្ដែង អត្រាពន្ធនៅប្រទេសថៃ ត្រូវបានដំឡើងរហូតដល់៦៣%ក្នុងពេលបច្ចុប្បន្ននេះ ខណៈដែលប្រទេសហ្វីលីពីនហូតពន្ធរហូតដល់ ៤៦%-៤៩%ឯណោះ ដែលជួយបង្កើន ចំណូលពន្ធសម្រាប់ចំណាយលើបញ្ហាផ្សេងៗ ជាពិសេសគឺចំណាយលើការថែទាំសុខភាពប្រជាពលរដ្ឋថែមទៀតផង។

បេក្ខជន ស៊ិម ស្រីលៀប បានបញ្ជាក់ទៀតថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំ ជក់ បង្កឱ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ ធ្វើឱ្យខាត បង់ ថវិកាប្រមាណ ៦៤៩ លានដុល្លារដែលស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា យុវជនជាច្រើនបានគាំទ្រយ៉ាងពេញទំហឹង ទៅលើការដំឡើងពន្ធថ្នាំជក់ក្នុងប្រទេសកម្ពុជាផងដែរ៕