(តាកែវ)៖ ថ្លែងនៅក្នុងឱកាសចុះបើកយុទ្ធការឃោសនាបោះឆ្នោតនៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត ពេជ សោភ័ន សមាជិកសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនថា ការបោះឆ្នោតជូនគណបក្សប្រជាជន មានតម្លៃស្នើនិងបោះឆ្នោតឲ្យខ្លួនឯង ដែលវានឹងធ្វើភូមិឃុំរបស់ប្រជាពលរដ្ឋកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។

លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា សមិទ្ធផលជាច្រើននៅមូលដ្ឋានភូមិឃុំរបស់ប្រជាពលរដ្ឋបច្ចប្បន្ននេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម ទឹកស្អាតនិងអគ្គីសនី ប្រើប្រាស់គឺកសាងដោយឡើងដោយស្នាដៃរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ដូច្នោះដើម្បីឲ្យភូមិឃុំ កាន់តែរីកចម្រើនថែមទៀត សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំឃុំសង្កាត់តទៅទៀត។

លោកបណ្ឌិត ពេជ សោភ័ន ក៏បានអំពាវនាវដល់សមាជិកបក្ស ឲ្យផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីគោលនយោបាយគណបក្សប្រជាជនដល់ប្រជាពលរដ្ឋឲ្យបានជ្រូតជ្រាប ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំគឺជាអ្នកដែលបានដឹកនាំការរំដោះរបស់ប្រជាពលរដ្ឋពីរបបខ្មែរក្រហម និងជាស្ថាបនិកសន្តិភាពជាអ្នកការពារសន្តិភាព និងជាអ្នកធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ៕