(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា រថយន្តពាក់ផ្លាកលេខរដ្ឋសភា និងព្រឹទ្ធសភា អាចជិះហែបក្សបានមិនមានច្បាប់ហាមឃាត់នោះទេ។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រគណបក្សក្រៅរាជរដ្ឋាភិបាលនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបញ្ចេញមតិតាមការយល់ឃើញរបស់ពួកគេ ដោយមិនផ្អែកលើទិដ្ឋភាពច្បាប់ ប្រតិកម្មទៅនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីឃើញប្រើរថយន្តពាក់ផ្លាកលេខរដ្ឋសភាជិះធ្វើសកម្មភាពហែបក្សស្វែងរកសំឡេងឆ្នោត។

លោក ហង្ស ពុទ្ធា បានប្រាប់ Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះថា រថយន្តពាក់ផ្លាកលេខព្រឹទ្ធសភា និងរដ្ឋសភា គឺជារថយន្តឯកជនរបស់អ្នកតំណាងរាស្ត្រដែលបានជាប់ឆ្នោត មានន័យថារថយន្តនេះមិនជារបស់រដ្ឋនោះទេ។ អ្នកនាំពាក្យ គ.ជ.ប រូបនេះបានពន្យល់យ៉ាងដូច្នេះថា៖ «ជារៀងរាល់ការបោះឆ្នោតផ្លាកលេខឡានព្រឹទ្ធសភា រដ្ឋសភា ត្រូវបានអនុញ្ញាត ហើយផ្លាកលេខរដ្ឋដែលមានចែងក្នុងនីតិវិធី ដូចជា ន.ប, ខម ឬក៏រាជការមិនត្រូវបានអនុញ្ញាតទេ។ អ៊ីចឹងផ្លាកលេខរដ្ឋសភា ព្រឹទ្ធសភា គឺជាផ្លាកលេខដែលត្រូវបានអនុញ្ញាតជារៀងរាល់ឆ្នាំ ដោយសាររដ្ឋសភា និងព្រឹទ្ធសភា គឺជាស្ថាប័នតំណាងរបស់ប្រជាពលរដ្ឋ»

លោក ហង្ស ពុទ្ធា បានចាត់ទុកការចោទប្រកាន់រឿងប្រើរថយន្តពាក់ផ្លាកលេខរដ្ឋសភា និងព្រឹទ្ធសភាហែបក្សនេះ ធ្វើឡើងជាចេតនាបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ព្រមទាំងបង្កឱ្យផលប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋម្ចាស់ឆ្នោតតែប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា បានបង្ហាញការយល់ឃើញរបស់ខ្លួនយ៉ាងដូច្នេះ «ខ្ញុំយល់ថា ពេលខ្លះអ្នកបញ្ចេញមតិយល់ ប៉ុន្តែពេលខ្លះអ្នកបញ្ចេញមតិនោះ លើកឡើងក្នុងចេតនាកេងចំណេញនយោបាយ។ អ៊ីចឹងក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមលើកឡើងនូវការអំពាវនាវថែមទៀត សូមឱ្យបង្កើនភាពចាស់ទុំ ជៀសវាងលេងល្បែងនយោបាយក្នុងដំណាក់កាលឃោសនារកសំលេងឆ្នោត»

ដើម្បីបញ្ចៀសបាតុភាពនានាដែលបង្កដល់ស្ថានភាពដ៏ប្រសើរនៃដំណើរការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ លោក ហង្ស ពុទ្ធា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងគណបក្សនយោបាយ ដែលជាតួអង្គយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើការជ្រើសរើសនោះ គឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ជាមួយគ្នានេះ ប្រសិនបើមានភាពមិនប្រក្រតីលើរឿងអ្វីមួយអាចប្តឹង គ.ជ.ប ដើម្បីឆ្លើយតប ស៊ើបអង្កេត ឬដាក់ទណ្ឌកម្មទៅតាមទោស ប្រសិនបើរកឃើញករណីប្រព្រឹត្តខុសឆ្គងមានចែងក្នុងច្បាប់។

លោក ហង្ស ពុទ្ធា ក៏បានអំពាវនាវដល់ភាគីគណបក្សនយោបាយទាំងអស់ គោរពឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងមានការអធ្យាស្រ័យគ្នាឱ្យបានល្អ៕