(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ដ្រៃយ៍ នៃសមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានឲ្យដឹងថា យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ២៦,០០០ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់។ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញនេះ នឹងកើនឡើងដល់៣៣០,០០០ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឲ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះឲ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេស ដែលមិនធ្វើឲ្យប៉ះពាល់បរិស្ថាន។

បើតាមលោក ឃួង ស្រេង រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំងបែបទូលាយ និងបែបជម្រៅ ក្នុងនោះព្រំប្រទល់រដ្ឋបាលត្រូវបានពង្រីក ពី៣០០ទៅ ៦៩២,៤៦គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណ៣លាននាក់។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតម្រង់ទិសនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះ ០៣យ៉ាង គឺ៖

*ទី១៖ ការកកស្ទះចរាចរណ៍
*ទី២៖ ការកកស្ទះ លូ ប្រឡាយ
*ទី៣៖ ការកកស្ទះ សំរាម

ដោយហេតុថា ជាកត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង, ទីក្រុងកាន់តែរីក, ប្រជាជនកាន់តែច្រើន, សម្ភារៈប្រើប្រាស់កាន់តែសំបូរបែប ដូច្នេះការផ្តល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ក៏ត្រូវមានការកើនឡើងដោយចៀសមិនរួច។

លោក ឃួង ស្រេង បានបន្ដថា «នេះហើយ គឺជាកម្ពុជាពិត» ដែលក្នុងពេលអតីតកាល គ្មានឡើយតម្រូវការស្ថានីយប្រព្រឹត្តកម្មប្រភេទនេះ ព្រោះប្រជាជនមានជីវភាពខ្វះខាត គា្មនអាហារបរិភោគគ្រប់គ្រាន់ និងគ្មានឡើយស្តង់ដារស់នៅ។ ប៉ុន្តែក្នុងសម័យតេជោ ជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរ និងមានអាហារបរិភោគគ្រប់គ្រាន់ ដូច្នេះស្តង់ដារ នៃការរស់នៅក្នុងទីក្រុង ក៏ត្រូវតែលើកកម្ពស់ឲ្យកាន់តែប្រសើរឡើង ជាលំដាប់ផងដែរ។

គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ ចំនួន ៣រួមមាន៖ ទី១៖ អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ, ទី២៖ អត្ថប្រយោជន៍ ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅ ជាជីសិរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និងទី៣៖ អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសិរីរាង្គដែលផលិតបានទៅក្នុងទីផ្សារ កសិកម្ម ឬអាចនិយាយបានថា «យកសំណល់ គ្រប់គ្រងសំណល់»។

ជាមួយគ្នានេះ លោក ព្យែរ ប៊ែយ៉េ បានបញ្ជាក់ថា ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយ ធ្វើឲ្យប្រសើរឡើង នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខមាលភាព ដោះស្រាយបម្រែបម្រួលអាកាសធាតុ។ សំណល់ភក់បង្គន់នេះ នឹងប្រែក្លាយទៅជាជីសម្រាប់ប្រជាពលរដ្ឋធ្វើកសិកម្ម ហើយវានឹងផ្តល់ការងារជូនក្រុមហ៊ុនតូចតាច មានការងារធ្វើផងដែរ៕