(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដីធ្លី ផ្ទះសម្បែងស្របច្បាប់ចំនួន៩២១ក្បាលដី ជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ, លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។

បើតាមលោក ប្លុង សីហៈ បានឱ្យដឹងថា នៅក្នុងសង្កាត់ត្រពាំងក្រសាំងនេះ មាន១៣ភូមិ ក្នុងនោះចំនួន៧ភូមិ មានប្រជាពលរដ្ឋ បានទទួលប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ដីធ្លី ផ្ទះសម្បែង រួចរាល់អស់ហើយ។ ចំណែកចំនួន៥ភូមិទៀត ក៏បានបិទផ្សាយទិន្នន័យរួចហើយដែរ គឺរង់ចាំតែការរៀបចំបោះពុម្ភប័ណ្ណចេញតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់ភូមិត្រពាំងទា មាន ១,១៧៤ក្បាលដី ក្នុងនោះក្បាលដីដែលមានទិន្នន័យ ដែលម្ចាស់បានចូលរួមមានចំនួន៩២១ក្បាលដី ក្រៅពីនោះជាដីគ្មានទិន្នន័យ គឺម្ចាស់មិនចូលរួម។

លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុចុងក្រោយនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋដែលយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង លក់ដូរ ដាក់បញ្ចាំ ផ្ទេរសិទ្ធិទៅអ្នកដទៃ ឬធ្វើជាអំណោយដល់កូនចៅស្របតាមផ្លូវច្បាប់។ ដូចនេះ សូមទុកដាក់ឱ្យបានល្អទុកឱ្យផុតពីដៃក្មេង កុំយកទៅអ៊ុតប្លាស់ស្ទិក និងកុំទុកកន្លែងដែលមានសំណើម ព្រោះវាបណ្តាលឱ្យខូច។ ការធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធនេះ មិនតម្រូវឱ្យប្រជាពលរដ្ឋបង់ថវិកានោះទេ តែការមកទទួលយកប័ណ្ណត្រូវតែបង់ថវិកា សម្រាប់ដីកសិកម្មត្រូវបង់ ១ម៉ែត្រការ៉េ ចំនួន២៥០រៀល, ចំពោះដីលំនៅដ្ឋានត្រូវបង់ ១ម៉ែត្រការ៉េ ចំំនួន៥០០រៀល នេះជាច្បាប់កំណត់។

នាឱកាសនោះ លោក ហែម ដារិទ្ធិ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរក្សាទុកដាក់ប័ណ្ណនេះឱ្យបានល្អ ព្រោះវាជាទ្រព្យសម្បត្តិមានតម្លៃសម្រាប់គ្រួសារ។ ច្រើនឆ្នាំមកនេះរាជរដ្ឋាភិបាលបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ពិសេសតាមរយៈការបែងចែក និងទទួលស្គាល់សិទ្ធិស្របច្បាប់ ចំពោះការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ផ្ទះសម្បែង ជាកម្មសិទ្ធិនៃបុគ្គលនិមួយៗ ដែលគ្មានរណាអាចមករំលោភបំពានបានឡើយ។

ក្នុងនាមអភិបាលខណ្ឌ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដីធ្លី ផ្ទះសម្បែងដែលមិនទាន់មានទិន្នន័យច្បាស់លាស់ សូមអញ្ជើញមកទំនាក់ទំនងជាមួយក្រុមការងារនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ រៀងរាល់ម៉ោងធ្វើការដើម្បីសុំធ្វើប័ណ្ណកម្មសិទ្ធិឱ្យបានគ្រប់ក្បាល់ដី ងាយស្រួលក្នុងការរក្សា ការពារ និងប្រើប្រាស់តាមតម្រូវការជាក់ស្តែង៕