(ភ្នំពេញ)៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំ២០២២។

កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមរបស់ លោកសាស្ត្រាចារ្យ StewartCole ប្រធានវិទ្យាស្ថានប៉ាស្ទ័រ (ប៉ារីស) ផងដែរ។

លោកសាស្ត្រាចារ្យ André Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បានបង្ហាញអំពីលទ្ធផល និងសមិទ្ធផលរបស់វិទ្យាស្ថានសម្រាប់ឆ្នាំ២០២១។ ដោយសារមានការដកចេញនូវបម្រាមទាក់ទងនឹងជំងឺរាតត្បាតសកលកូវីដ១៩ កិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងបានរៀបចំឡើងដោយផ្ទាល់នៅក្នុងបន្ទប់ប្រជុំរបស់វិទ្យាស្ថាន។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ១៩៥៣ គឺជាវិទ្យាស្ថានស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញដែលដំណើរការក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ក្រសួងសុខាភិបាលកម្ពុជា។ វិទ្យាស្ថាននេះស្ថិតនក្រោម ការត្រួតពិនិត្យរបស់វិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស ប្រទេសបារាំងពាក់ព័ន្ធនឹងវិធីសាស្រ្ត និងផែនការវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់ខ្លួន។ លក្ខន្តិកៈ និងប្រព័ន្ធប្រតិបត្តិការរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានកត់ត្រានៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក ត្រូវបានកែសម្រួលចំនួនពីរដង។

សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទំនាក់ទំនងនេះ រួមមានដូចជា៖ តំណាងមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឯកអគ្គរដ្ឋទូតបារាំង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ប្រធានវិទ្យាស្ថានប៉ាស្ទ័រ តំណាងមកពីអង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF ។

សមាជិកដែលបានទទួលការអញ្ជើញ រួមមានដូចជា៖ ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា នាយកមន្ទីរពេទ្យកាល់ម៉ែត នាយកមូលនិធិគន្ធបុប្ផា វិទ្យាស្ថានសុខាភិបាល និងសាកលវិទ្យាល័យផ្សេងៗនៅកម្ពុជា (RUPP, ITC, ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អង្គការស្បៀងអាហារ និងកសិកម្ម តំណាងស្ថាប័នសុខភាពកម្ពុជា ធនាគារពិភពលោក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD-French Development Agency) និងដៃគូអន្តរជាតិមួយចំនួនទៀត។

លោកសាស្ត្រាចារ្យ André Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បណ្ឌិត លី សុវត្ថិ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងលោក Christophe Mousset នាយកផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញពីលទ្ធផល និងសមិទ្ធផលនៃការស្រាវជ្រាវ សេវាសាធារណៈ ការបណ្តុះបណ្តាល និងការបង្រៀនផងដែរ។

ព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២១ គឺមានការរាតត្បាតនៃជំងឺកូវីដ១៩ កើតមានឡើងនៅកម្ពុជា និងទូទាំងពិភពលោក។ សកម្មភាពរបស់វិទ្យាសាស្ត្រមានសារៈសំខាន់វិស័យសុខាភិបាល ជាពិសេសការគាំទ្រដ៏ខ្លាំងក្លាក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលរួមមានការធ្វើតេស្តបានជាង 600,000 RT-PCR និងការសិក្សាវីរុសបំបែកបន្តៗគ្នាចំនួន ២,០០០វីរុស ដើម្បីកំណត់រកមេរោគបម្លែងខ្លួនថ្មី។ សកម្មភាពស្រាវជ្រាវនៅតែបន្តហើយទទួលបានលទ្ធផលសំខាន់ៗនៅក្នុងវិស័យផ្សេងៗដែលជាប្រធានបទនៃការបោះពុម្ពផ្សាយអត្ថបទផ្នែកវិទ្យាសាស្ត្រចំនួន ៤៩ នៅក្នុងទិនានុប្បវត្តិអន្តរជាតិកម្រិតខ្ពស់។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ក៏កំពុងពង្រឹងសេវាកម្មដ៏ទូលំទូលាយរបស់ខ្លួនដល់សាធារណជនតាមរយៈ មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត មជ្ឈមណ្ឌលវ៉ាក់សាំងអន្តរជាតិ មជ្ឈមណ្ឌលព្យាបាលជំងឺឆ្កែឆ្កួតនៅរាជធានីភ្នំពេញ(អ្នកជំងឺជាង ៤០,០០០នាក់ ត្រូវបានព្យាបាល) ខេត្តបាត់ដំបង និងខេត្តកំពង់ចាម និងមន្ទីរពិសោធន៍ បរិស្ថាន និងសុវត្ថិភាពចំណីអាហារ៕