(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា បានរួមគ្នាដាក់ចេញឱ្យដំណើរការនូវគោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់នៅកម្ពុជា។ នេះបើតាមសេក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

យោងតាមទិន្នន័យរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ លិខិតអនុញ្ញាតសាងសង់ជាង ៥៧,០០០ ត្រូវបានចេញឱ្យទៅការដ្ឋានសំណង់នៅទូទាំងប្រទេសកម្ពុជា។ តម្លៃប៉ាន់ស្មានទុនវិនិយោគសរុបនៅក្នុងវិស័យសំណង់នេះ មានប្រមាណជាជាង ៦៦ពាន់លានដុល្លាអាមេរិក ហើយវិស័យនេះ ផ្តល់ការងារជាមធ្យមប្រមាណជា ១៥០,០០០នាក់ ក្នុងមួយថ្ងៃ។ ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងទីក្រុងនេះទាមទារឱ្យមានការអភិវឌ្ឍ និងការអនុវត្តស្តង់ដារផ្លូវការនានា ទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ និងសុវត្ថិភាពនៅកន្លែងធ្វើការ។

គោលការណ៍ណែនាំនេះ ត្រូវបានចែកចេញជាបីផ្នែក ហើយគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន ទំនួលខុសត្រូវលើសុខភាពនិងសុវត្ថិភាពនៅការដ្ឋានសំណង់ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ព្រមទាំងការសង្គ្រោះបឋម និងការការពារកុមា និងកម្មករវ័យក្មេង។ គោលការណ៍ណែនាំនេះ ក៏ផ្ដល់ការការពារបន្ថែមដល់កម្មករសំណង់ជាស្ត្រី រួមទាំងនីតិវិធីសម្រាប់ការយល់ដឹង និង
ដោះស្រាយអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅតាមការដ្ឋានសំណង់។

ឯកសារគោលការណ៍ណែនាំ ដែលត្រូវបានអនុម័តនេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា។ គោលការណ៍ណែនាំនេះ មានភាពចាំបាច់សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ហើយត្រូវបានរៀបចំរួចរាល់ចំពេលវេលាស្របពេលដែលវិស័យសំណង់កំពុងរីកលូតលាស់ខ្លាំង។

លោក Pablo Kang បានថ្លែងថា «ខ្ញុំមានសេចក្តីរីករាយណាស់ដែលនៅថ្ងៃនេះ យើងបានដាក់ឱ្យដំណើរការឯកសារដ៏មានសារៈសំខាន់នេះ។ វាជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពប្រជាជនកម្ពុជា ដែលចូលរួមក្នុងវិស័យសំណង់ ដែលជាវិស័យមួយប្រកបទៅដោយសក្តានុពលនៅព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីផ្តោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៅការដ្ឋានសំណង់ គោលការណ៍ណែនាំនេះក៏គ្របដណ្ដប់លើបញ្ហាសំខាន់ៗនានាផងដែរដូចជាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាដើម»។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តថា «វិស័យសំណង់ គឺជាសសរស្ដម្ភសំខាន់មួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ក្នុងចំណោមសសរស្ដមផ្សេងទៀត រួមមានវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការដាក់ឱ្យមានគោលការណ៍ណែនាំស្តីអំពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើរតួនាទីសំខាន់ណាស់ក្នុងការជួយកាត់បន្ថយហានិភ័យ និងធានាឱ្យបាននូវសុវត្ថិភាពប្រសើរនៅតាមការដ្ឋានសំណង់ និងទីតាំងក្បែរការដ្ឋានសំណង់នានា។ ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំដល់អ្នកវិនិយោគ និយោជក និងនិយោជិត បុគ្គលអង្គភាព និងស្ថាប័នពាក់ព័ន្ធនានាឱ្យយកចិត្តទុកដាក់លើគោលការណ៍ណែនាំនេះ និងជួយអប់រំសមាជិកពាក់ព័ន្ធទាំងឡាយរបស់ខ្លួនអំពីគោលការណ៍ណែនាំនេះ និងសូមចូលរួមអនុវត្តគោលការណ៍ណែនាំនេះ ឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់នៅការដ្ឋានសំណង់របស់ខ្លួន»

គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីកម្មវិធីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាកម្មវិធីឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្ត្រាលី ដែលមានទឹកប្រាក់សរុប ៥១,៧លានដុល្លាអូស្ត្រាលី។ នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានការរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយជាបន្តបន្ទាប់ ស្តីពីគោលការណ៍ណែនាំនេះ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងសែនមនោរម្យ។

សិក្ខាកាមជាង៥០០នាក់ ដែលរួមមានមន្ត្រីមកពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនសំណង់ឯកជន និងអ្នកពាក់ព័ន្ធនានា នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាអំពីតម្រូវការនានាលើផ្នែកសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដោយផ្អែកទៅលើឯកសារគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់នេះ៕