(កំពង់ធំ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងលោក ផូង វណ្ណ ជាប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក លាង សួរ ដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

លោក កើត រិទ្ធ បានថ្លែងថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារ ក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ចំពោះលោក លាង សួរ ដែលបានដឹកនាំសាលាដំបូងខេត្តកំពង់ធំជាច្រើនឆ្នាំកន្លងមកនេះ ចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង មានកិច្ចសហការល្អ ជាមួយអាជ្ញាធរអនុវត្តច្បាប់នៅមូលដ្ឋាន ជាពិសេសចុងក្រោយនេះ គឺការអនុវត្តបានដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌក្នុងអង្គភាពបានល្អ ដែលបានដាក់ចេញដោយសួងយុត្តិធម៌កន្លងទៅ

លើសពីនេះទៀតលោក កើត រិទ្ធ បានថ្លែងអំណរគុណដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងអាជ្ញាធរដែនដី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលបានផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការគាំទ្រល្អជាមួយសាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្នុងការដោះស្រាយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋនាពេលពេលកន្លងមក និងសូមឱ្យបន្តកិច្ចសហការល្អនេះជាមួយសាលាដំបូង ជាពិសេសជាមួយប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ ដោយអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ លោក ងួន រតនៈ បានអបអរសាទរចំពោះ លោក ផូង វណ្ណ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ ធំនាពេលនេះ។ លោកសង្ឃឹមជឿជាក់ថាប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនឹងបន្តបេសកកម្មដឹកនាំសាលាដំបូងខេត្ត បម្រើសេវាយុត្តិធម៌ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕