(ដាវ៉ូស-ក្លូស្ទើរ, ស្វីស)៖ នៅទីក្រុងដាវ៉ូស-ក្លូស្ទើរ ប្រទេសស្វីស នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២»។

នៅក្នុងពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ ក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សាទៅលើប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន» ពិសេសពាក់ព័ន្ធវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន រួមទាំងបញ្ហាពាក់ព័ន្ធដទៃទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចពិភាក្សាក្រោមប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន»។

បន្ទាប់ពីនោះក្នុងរបៀបវារៈដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ទៅលើរបៀបវារៈដែលបានគ្រោងទុក និងប្រធានបទ ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ។ វាគ្មិនសេដ្ឋកិច្ច បានលើកបញ្ហាទាក់ទិនទៅនឹងបញ្ហាសន្តិសុខស្បឿង និងថាមពល បម្រែបម្រួល អាកាសធាតុ បញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ប្រកបដោយអត្ថន័យនិងខ្លឹមសារ ដែលគ្របដណ្តប់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករួម។

បន្ទាប់ពីការបង្ហាញចំណាប់អារម្មណ៍របស់វាគ្មិនសេដ្ឋកិច្ចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញឆ្លើយតបទៅនឹងសំណួរ របស់អ្នកសម្របសម្រួលកម្មវិធីទាក់ទិនទៅនឹងវិបត្តិនៅអ៊ុយក្រែន បម្រែបម្រួលអាកាសធាតុ ក្រុមប្រទេសឧស្សាហកម្ម២០ រួមទាំងបញ្ហាសកលមួយចំនួនទៀត៕