(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ Account Facebook មួយឈ្មោះថា «យុត្តិធម៌ សង្គម» បានបង្ហោះសារពិសេសមួយដោយរៀបរាប់ពីជនបោកប្រាស់ ដើរឃោសនាថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតិគឺតែមួយ តែនោះគឺជាការភូតកុហកដ៏ឥតអៀនខ្មាស់ របស់ជននៅក្នុងបក្សភ្លើងទៀន។

នៅលើ Facebook នោះបានសរសេររៀបរាប់ទាំងស្រុងថា៖ ក្នុងនាមខ្ញុំជាអតីតគណៈនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត និងដែលបានចូលរួមស្តាប់ការសំណេះសំណាលនៅពេលថ្មីៗ នេះក្រោមអធិបតីភាពឯកឧត្តម ប្រធាន កឹម សុខា ខ្ញុំសូមជំរាបជូនមកសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលមាន ឯកឧត្តម កឹម សុខា ជាប្រធាន ដូចតទៅ៖

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និងជាពិសេសនៅក្នុងរយៈពេលនៃយុទ្ធនាការឃោសនា បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ មានមេដឹកនាំ បេក្ខជន និងសកម្មជន មួយចំនួននៃគណបក្សភ្លើងទៀនបានលួចបន្លំប្រើប្រាស់ឈ្មោះគណបក្សសង្គ្រោះជាតិដើម្បីធ្វើការបោកប្រាស់ ភូតកុហកនិងបំភាន់ថា គណបក្សភ្លើងទៀននិងគណបក្សសង្គ្រោះជាតិ «គឺតែមួយ» ពោលគឺគណបក្ស ភ្លើងទៀនគឺជាគណបក្សសង្គ្រោះជាតិ។

ជំនួសមុខឲ្យឯកឧត្តមប្រធាន កឹម សុខា ខ្ញុំសូមបដិសេធ ចោលទាំងស្រុងចំពោះការលើកឡើងអះអាងបោកប្រាស់ដ៍ថោកទាបនិងដោយគ្មានការអៀនខ្មាស់បែបនេះ ព្រោះឯកឧត្តមប្រធាន កឹម សុខា កំពុងតែបន្តធ្វើការតស៊ូដោយមានការគាំទ្រ និងលើកទឹកចិត្តយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ដើម្បីទាមទារអោយគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវីញបានដោយ ស្របច្បាប់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម កឹម សុខា ក៏ធ្លាប់បានប្រកាសជាសាធារណៈរួចហើយដែរថា គាត់មិនជាប់ពាក់ព័ន្ធអ្វីជាមួយ សម រង្ស៊ី ទៀតនោះទេ! ដូច្នោះសូមកុំយកឈ្មោះរបស់គាត់ទៅ បម្រើផលប្រយោជន៌របស់បក្សខ្លួនទៀតឱ្យសោះ ជាពិសេសឈ្មោះគណបក្សសង្គ្រោះជាតិដែលឯកឧត្តម កឹម សុខា ជាប្រធាន។

ម៉្យាងវិញទៀត នៅក្នុងរាល់ពិធីសំណេះសំណាលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្ត ឯកឧត្តមប្រធាន កឹម សុខា ក៏តែងតែបានលើកឡើងយ៉ាងច្បាស់ថា «គាត់មិនដែលក្បត់ ឆន្ទះរាស្ត្រ និងមិនដែលរត់ចោលស្រុកដូចអ្នកខ្លះ (ដែលគាត់ចង់សំដៅទៅលើ សម រង្ស៊ី និងបក្សពួក) ហើយបើត្រូវធ្វើអ្វីគឺគាត់ចេញមុខដឹកនាំធ្វើដោយផ្ទាល់...»។

ហើយថ្មីៗនេះ កូនស្រីរបស់លោកប្រធាន កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានសរសេរបង្ហោះនៅក្នុង ទ្វីធទ័រ របស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «ការបោះឆ្នោតឃុំសង្កាត់ ឆ្មាំ២០២២នេះ គ្មានវត្តមាននៃមេដឹកនាំរបស់បក្សសង្គ្រោះជាតិ ដែលនៅក្នុងប្រទេសកម្ពុជា ចូលរួមនោះទេ»។ ដូច្នេះសូមសមាជិក សមាជិកា និងបងប្អូន ប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រលោកប្រធាន កឹម សុខា សូមកុំចាញ់បោកការឃោសនា បោកប្រាស់របស់មេដឹកនាំ ក៏ដូចជាបេក្ខជន និងសកម្មជន បក្សភ្លើងទៀនឲ្យសោះ ដែលដើរនិយាយអួតអាងថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតិគឺ «តែមួយ» ព្រោះនេះគឺជាការភូតកុហកដ៏ឥតអៀនខ្មាស់និង បំភាន់ទាំងស្រុង។ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺចេតនាទុច្ចរិទ្ធនៃការឃោសនាថា «បក្សភ្លើងទៀន និងបក្សសង្គ្រោជាតិគឺតែមួយ» នឹងធ្វើឲ្យលោកប្រធាន កឹម សុខា កាន់តែពិបាក ក្នុងការប្រឈមមុខដោះស្រាយខាងផ្លូវច្បាប់ ដើម្បីដោះបន្ទុកសំរាប់ខ្លួនគាត់ផងនិងការដំណើរការឡើងវីញនៃបក្សសង្គ្រោះជាតិផង៕

ពីម្ចាស់ Facebook យុត្តិធម៌សង្គម,
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២