(ភ្នំពេញ)៖ ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញមោទនភាពចំពោះការទទួលបានទង់ស៊ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការទទួលបានមេដាយទ្វេដង ពីការប្រកួតស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។

សារសំឡេងមុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការទទួលបានទង់ស៊ីហ្គេមរៀបចំការប្រកួត និងការទទួលបានមេដាយច្រើនក្នុងការប្រកួតស៉ីហ្គេមលើកនេះ ជារឿងប្រវត្តិសាស្ដ្រថ្មីរបស់កម្ពុជាក្នុងវិស័យកីឡា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «យើងទើបទទួលបានទង់នូវការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ រួមជាមួយឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានរួមគ្នាដង្ហែរមកមាតុប្រទេស ជាមួយនឹងគ្រឿងឥស្សរិយយសយ៉ាងច្រើន ជាមេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ដែលកើនឡើងទ្វេដងបើប្រៀបធៀបនឹងស៉ីហ្គេមមុនៗ។ នេះគឺជាចំណុចរបត់នៃប្រវត្តិសាស្ដ្រដែលកម្ពុជាយើងបានឆ្លងកាត់នូវដំណាក់កាលដ៏ល្អ ដែលពង្រឹងវិស័យកីឡា»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ កីឡាករ កីឡាការិនី ក៏ដូចជាថ្នាក់ដឹកនាំ ដែលបានធ្វើពិធីដង្ហែទង់ស៉ីហ្គេម ហើយក៏ដូចជាដង្ហែគ្រឿងឥស្សរិយយសទាំងឡាយ មកកាន់មាតុប្រទេសវិញ និងចូលទៅកាន់ស្នាក់គណៈកម្មការអូឡាំពិកកម្ពុជា។

សូមជម្រាបថា ការទទួលទង់ស៉ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងកីឡាករ កីឡាការិនី ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ រហូតដល់៦៣មេដាយ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

ជាមួយអ្វីដែលទទួលបាននាពេលនេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានមោទនភាព ដែលកម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងទស្សនទានការទូតកីឡា និងកិត្យានុភាពជាតិ ក្នុងការនាំមកនូវទង់សហព័ន្ធកីឡា SEA Games លើកទី៣២ នៅកម្ពុជា។

សូមរំលឹកថា ជយលាភីទាំង៦៣មេដាយ មានមេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៣ និងមេដាយសំរឹទ្ធចំនួន៤១ ក្រោយពេលកម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួម SEA Games 2021 នៅប្រទេសវៀតណាម ១៥ប្រភេទកីឡា ក្នុងចំណោម ៣៣ប្រភេទកីឡាសរុប៕