(បាលី, ឥណ្ឌូនេស៊ី)៖ លោក ហង្ស សាមឿន អនុប្រធាន និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូចូលរួមសម័យប្រជុំលើកទី៧ នៃវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

ប្រតិភូអមចូលរួមក្នុងវេទិកានេះរួមមាន លោក អ៉ីង ហ៊ាង ឯកអគ្គរាជទូតខ្មែរប្រចាំឥណ្ឌូណេស៊ី និងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនទៀត។

វេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ មានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីមកពីប្រទេសចំនួន៣១។ វេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាវេទិកាសកលដ៏សំខាន់ដើម្បីវាយតម្លៃ និងពិភាក្សាអំពីវឌ្ឍនភាពលើការអនុវត្តក្របខ័ណ្ឌ សេនដាយ (Sendai) សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ព្រឹត្តិការណ៍នេះធ្វើជាសហប្រធានដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី និង អង្គការសហប្រជាជាតិ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) ។

វេទិកានេះ នឹងផ្តល់ឱកាសពិសេស និងទាន់ពេលវេលា ដើម្បីបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាការពិភាក្សាអំពីវិធី ដោះស្រាយលើហានិភ័យទាំងនៅក្នុងស្រុក និងសកលលោក។ លើសពីនេះ វេទិកានឹងស្វែងយល់ពីរបៀបពង្រឹងការដឹកនាំគ្រប់គ្រងហានិ ភ័យគ្រោះមហន្តរាយ និងរបៀបបង្កើតប្រព័ន្ធកាន់តែរឹងមាំ ក្នុងការគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ។

វេទិកាសកលឆ្នាំ២០២២ ក៏នឹងផ្តល់ឱកាសសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការប្តេជ្ញាចិត្តឡើងវិញ ដោយភាពបន្ទាន់ ដើម្បីពន្លឿនវឌ្ឍនភាព លើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕