(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ តាមរយៈប្រព័ន្ធវីដេអូ ជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន (UPDIS) ដើម្បីពិភាក្សាលើទិសដៅ គោលនយោបាយ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោក វង្សី វិស្សុត បានលើកឡើងថា គោលបំណង នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ និងពិភាក្សាឲ្យកាន់តែស៊ីជម្រៅលើវឌ្ឍនភាព នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលសិក្សា និងរៀបចំដោយក្រុមការងារឮរបស់វិទ្យាស្ថាន នគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន (UPDIS) សំដៅធ្វើឲ្យផែនការមេនេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពជាក់ស្តែងនិយម និងអាចអនុវត្តបាន។

ផែនការនេះ មានគោលដៅដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូល នៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងជាទីក្រងបៃតង (Green city) ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម, សេវាកម្ម និងឡូសជីស្ទីកដ៏រស់រវើក នៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

លោកបានបន្តថា ផែនការមេនេះ គឺជាផែនការប្រកបដោយមហិច្ឆតា ដែលអាចមានបញ្ហាប្រឈមជាច្រើននៅក្នុងការអនុវត្ត ដូចនេះទាមទារនូវឆន្ទៈនយោបាយកម្រិតខ្ពស់, ការដាក់ចេញនូវគោលនយោបាយ និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធត្រឹមត្រូវ ហើយជាពិសេសមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តផែនការមេនេះ ឲ្យសម្រេចបានជោគជ័យ ក្នុងការប្រែក្លាយតំបន់នេះ ទៅជាទីក្រុងទំនើប (Cosmopolitan) ទាំងផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឧស្សាហកម្ម, ទេចរណ៍, បច្ចេកវិទ្យា ដែលមានបរិស្ថាន រស់នៅល្អប្រសើរ ជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំមួយនាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជា ក្នុងឈានទៅសម្រេច បានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ផែនការមេនេះ ក៏មានគោលបំណងប្រែក្លាយខេត្តខេត្តព្រះសីហនុ ទៅជាច្រកទ្វារជាតិ និងជាក្បាលម៉ាស៊ីន សម្រាប់ជំរុញការអភិវឌ្ឍ ដោយមានផ្តោត លើវិសាលភាព យុទ្ធសាស្ត្រដូចតទៅ៖ ១៖ មជ្ឈមណ្ឌលឧស្សាហកម្ម និងមជ្ឍមណ្ឌលភស្តុភារកម្ម សម្រាប់តំបន់អាស៊ាន, ២៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មថ្នាក់តំបន់ និង៣៖ មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានវានុវត្តន៍ថ្នាក់ជាតិ និងប្រែក្លាយទីក្រុងព្រះសីហនុ ដែលជាទីក្រុងតំបន់ឆ្នេរបស់កម្ពុជា ទៅជាគោលដៅទេសចរណ៍កម្រិតពិភពលោក, ទីក្រុងបៃតងគំរូ និងប្រកបដោយចីរភាពនៃតំបន់អាស៊ាន និងទីក្រុងសាកល្បងថ្នាក់ជាតិ សម្រាប់ការអភិវឌ្ឍន៍ឆ្លាតវៃ។

នៅកិច្ចប្រជុំពិភាក្សានេះ លោក វង្សី វិស្សុត បានផ្តល់អនុសាសន៍ ដល់ក្រុមការងារ នៃវិទ្យាស្ថាន UPDIS ឲ្យធ្វើការគិតគូរសិក្សាបន្ថែម លើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ ទី១៖ ការកំណត់ប្រភេទឧស្សាហកម្មជាក់លាក់ ស្របទៅតាមឧត្តមភាព ប្រកួតប្រជែង, ធនធាន និងទីតាំងភូមិសាស្រ្ត របស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលប្រែក្លាយ ខេត្តព្រះសីហនុ ជាកម្លាំងចលករ លើកស្ទួយកំណើន សេដ្ឋកិច្ចជាតិ, ទី២៖ ការធានាបាននូវសមតុល្យ រវាងការអភិវឌ្ឍវិស័យ ទេសចរណ៍ និងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដោយក្នុងនោះ គួរផ្តោតជាអាទិភាពលើការ អភិវឌ្ឍទេសចរណ៍ យ៉ាងហោចនៅក្នុងរយៈពេលចន្លោះពី១០ ទៅ១៥ឆ្នាំខាងមុខ, ទី៣៖ ការសិក្សាស៊ីជម្រៅលើការជំរុញការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម, សេដ្ឋកិច្ចឌីជីថល, វិស័យបច្ចេកវិទ្យា, ទី៤៖ សិក្សាពីលទ្ធភាព នៃការអភិវឌ្ឍតំបន់កោះទាំងឡាយរបស់ខេត្តព្រះសីហនុ បន្ថែមលើការអភិឌ្ឍនៅតំបន់ដីគោក, ទី៥៖ ការគិតគូរទៅដល់លំហូរ កម្លាំងពលកម្មពីជនបទ ចូលមកក្នុងតំបន់ទីក្រុង, ទី៦៖ ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងការអភិវឌ្ឍជំនាញ, និងទី៧៖ ការបន្តសិក្សាស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយលើការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ស្ថាប័ន និងបទបញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាបានសង្គតិភាព, ភាពប្រទាក់ក្រឡា និងអាចអនុវត្តបាន។

លោក វង្សី វិស្សុត បានជំរុញដល់ក្រុមការងារ ដឹកនាំដោយវិទ្យាស្ថាន UPDIS បន្តខិតខំរៀបចំសេចក្ដីព្រាង របាយការណ៍ លទ្ធផលក្នុងដំណាក់កាលទី២ ស្របតាមផែនការនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ប្រកបដោយភាព ជាក់ស្តែងនិយម, មានសង្គតិភាព និងមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ព្រមទាំងអាចអាចអនុវត្តបាន ដើម្បីដាក់ជូន គណៈកម្មាធិការសម្របសម្រួល អន្តរក្រសួងរៀបចំផែនការមេ ដើម្បីអាភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ពិនិត្យ និងសម្រេច ។ គួរបញ្ជាក់ដែរថា វិទ្យាស្ថាន UPDIS គឺជាវិទ្យាស្ថាន ដែលធ្លាប់បានធ្វើការសិក្សា និងរៀបចំផែនការមេ អភិវឌ្ឍន៍តំបន់សិនជិន (Shenzhen) របស់ប្រទេសចិន៕