(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លៃប្រាប់ទៅមន្ត្រីដែលពាក់ព័ន្ធ ដែលប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យឲ្យបានហ្មត់ចត់អំពីរោគសញ្ញាជំងឺថ្មីប្រភេទអុតស្វា ចំពោះអ្នកដំណើរចូលមកកម្ពុជា។

លោកថ្លែងថា ប្រសិនបើរោគសញ្ញាសង្ស័យដូចជា កន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ ឬមានរោគសញ្ញាសង្ស័យត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ពិនិត្យរករោគវិច្ឆ័យ។ ការថ្លែងដូច្នេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។

*ទី២៖ អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ឬដូសទី៤ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។

*ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តការបង្ក្រាបបទល្មើសគ្រឿងញៀនដូចជាការជួញដូរ និងចែកចាយជាដើម។

*ទី៤៖ កម្លាំងមានសមត្ថកិច្ចជាពិសេសគោលដៅចរាចរណ៍ផ្លូវគោកត្រូវធ្វើការរឹតបន្តឹង និងត្រួតពិនិត្យរកសាធាតុញៀនទៅលើអ្នកបើបររថយន្តធុនធំគ្រប់ប្រភេទ។

*ទី៥៖ អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជំរុញដល់កិច្ចការងារដោះស្រាយផលប៉ះពាល់ ក្នុងការកំណត់ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត ទៅតាមជំហាននីមួយៗ ដើម្បីឈានទៅសម្រេចលទ្ធផល និងធ្វើការស្តាផ្លូវទឹកឡើងវិញទុកសម្រាប់កូនចៅជំនាន់ក្រោយ។

*ទី៦៖ អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែនត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការដឹកជញ្ជូនទំនិញខុសច្បាប់នៅតាមខ្សែក្រវ៉ាត់ព្រំដែន ពិសេសច្រកមិនផ្លូវការនានា ឲ្យមានប្រសិទ្ធភាពខ្ពស់៕