(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានតម្លៃដូចនឹងការបោះឆ្នោតឲ្យខ្លួនឯងដូច្នោះដែរ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយរំដោះប្រជាពលរដ្ឋ ពីរបបកាប់សម្លាប់ និងស្ថិតនៅបម្រើប្រជាពលរដ្ឋអស់រយៈពេលជាង៤០ឆ្នាំកន្លងមកហើយ។

ជាក់ស្ដែងសម្រាប់ឃុំកំពែង ទទួលបានសមិទ្ធផលជាច្រើនរួមមាន ផ្លូវថ្នល់ សាលារៀន ប្រឡាយទឹក វត្តអារ៉ាមនិងសមិទ្ធផលជាច្រើនទៀត ជាពិសេសក្មួយៗសិស្សានុសិស្សបានទទួលអាហារូបករណ៍សិក្សាថ្នាក់ក្រោយវិទ្យាល័យ ថែមទៀតផង។

ថ្លែងនៅក្នុងឱកាសចុះបើកយុទ្ធការឃោសនាបោះឆ្នោតថ្ងៃទី៥ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា កើតចេញប្រជាពលរដ្ឋ ជាអ្នករំដោះប្រជាពលរដ្ឋពីរបបខ្មែរក្រហម ជាអ្នកដែលបំរើប្រជាពលរដ្ឋ និងជាអ្នកដែលនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈហើយមិនដែលរត់ចោលប្រជាពលរដ្ឋនោះទេ ដូច្នោះការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺមានតម្លៃស្មើនឹងការបោះឆ្នោតឲ្យខ្លួនឯង»

លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានអភិវឌ្ឍន៍ឥតឈប់ឈ ប្រជាពលរដ្ឋមានជីវភាពធូរធា ប្រទេសជាតិមានស្ថិរភាព និងសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសភូមិឃុំរបស់ប្រជាពលរដ្ឋមានការរីកចម្រើនឥតឈប់ឈរ ហើយនៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ សមិទ្ធផលជាច្រើនឹងរីកលូតលាស់កាន់តែច្រើនថែមទៀតជាក់ជាពុំខាននៅក្នុងភូមិឃុំសង្កាត់របស់ប្រជាពលរដ្ឋ៕