(កំពង់ចាម)៖ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមទាំងសហការី ព្រមទាំងនិមន្តចូលរួមពីព្រះសង្ឃផងនោះនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញ និងនិមន្តប្រគល់ផ្ទះមនុស្សធម៌ទី៩ ជូនគ្រួសារលោកពូ វ៉ន វុធ អាយុ៤៦ឆ្នាំ ជាពលរដ្ឋទ័លលំបាក ប្រភេទ ក្រ១ រស់នៅ ភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស។

នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមខេត្តកំពង់ចាមលោក ទូច ឆៃ បានរំលឹកថា លោកពូ វ៉ន វុធ ជាប្រជាជនដែលទ័លលំបាកស្ថិតក្នុងប្រភេទ ក្រ១ មានជម្ងឺហឺតប្រចាំកាយ ហើយប្រពន្ធក៏មានជម្ងឺទឹកនោមផ្អែមទៅទៀត។ សព្វថ្ងៃ ត្រូវរ៉ាប់រងមើលថែចៅតូចៗ ២នាក់ដែលឪពុកម្តាយពួកគេលែងលះគ្នា។

លោក ទូច ឆៃ បន្តថា ពួកគាត់ពុំមានមុខរបរទេ រស់នៅពឹងតែលើកូនដែលធ្វើការនៅភ្នំពេញផ្តល់ជូន ខណ:ដែលជីវភាពក៏ជួបការខ្វះខាតស្រាប់ ម៉្យាងត្រូវចិញ្ចឹមប្អូនៗ ៣នាក់ ផ្សេងទៀត ហើយប៉ុន្មានឆ្នាំមកនេះ ដោយសារលំបាក ជីវភាព លោកក៏ដាច់ចិត្តលក់ដីភូមិរបស់ខ្លួន នៅជាប់នឹងដីរបស់បងប្អូន គ្រាន់ព្យាបាលជម្ងឺ និងដោះស្រាយជីវភាពគ្រួសារ។ អ្វីដែលអាណិតបំផុតនោះ គឺ២នាក់ ប្តីប្រពន្ធ និងចៅ ត្រូវប្រឈមនឹងកង្វះទីជម្រក បង្ខំចិត្តសុំដី អ្នកក្បែរគ្នានោះ ធ្វើកូនរោង ដែលមានដំបូល និងជញ្ជាំងចាស់ទ្រុឌទ្រោម រយីករយាក គ្រាន់ស្នាក់អាស្រ័យ។

លោក ទូច ឆៃ បានបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពលំបាករនោះ ឈ្មោះ វ៉ន វ៉ាន់ បានសម្រេចចែកកន្ទុយដី ទំហំ ១០មគុណ១២ម ជាដីស្រែ នៅចម្ងាយពីរោងចាស់ប្រមាណ ៧០ម៉ែត្រ ជូនគ្រួសារលោកពូ ជាកម្មសិទ្ធិ ហើយ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤មគុណ៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគរបស់សាខាសាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជន ជូនលោកពូ វ៉ន វុធ និងគ្រួសារ សម្រាប់ស្នាក់នៅតទៅ។

ជាមួយគ្នានេះ ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាកាកបាទក្រហមខេត្ត បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកពូ វ៉ន វុធ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន៖ អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ ប្រអប់, ចង្ក្រាន១, សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០០,០០០រៀលផងដែរ៕