(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជា បានដឹកនាំ សមាជិក សមាជិកា ជិត១ពាន់នាក់ឃោសនារកសំលេងឆ្នោតនៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

លោកបានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់នូវការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ហើយបាននាំមក នូវសិទ្ធិសេរីភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ។

លោកបានបន្តថា ដោយភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មន្ត្រីគណបក្សបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ ដូច្នេះយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់សកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារដែលយើង ត្រូវបន្តអនុវត្ត ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ឃឹង នុភាព បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា (ជាតិ សាសនា ព្រះមហាក្សត្រ) គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ចុងក្រោយលោក ឃឹង នុភាព បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ និងទៅបោះឆ្នោតនៅថ្ងៃទី៥ ខែ មិថុនា ដោយបោះឆ្នោតជូនគណបក្សប្រជាជនឃុំតាំងក្រសៅ មានលំដាប់លេខរៀងទី៣៕