(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

គ.ជ.ប បានឱ្យដឹងថា តាមការសង្កេតក្នុងការឃោសនាបោះឆ្នោតនៅថ្ងៃទី៥នេះ ទាំងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះច្រើនឃុំ សង្កាត់ និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះតិចឃុំ សង្កាត់ បានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់ខ្លួន។

ជាក់ស្ដែងនៅខេត្តកំពង់ធំ មានគណបក្សនយោបាយចំនួន ១១ ក្នុងចំណោម១៣ គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះតាមឃុំ សង្កាត់ បានធ្វើសកម្មភាពឃោសនាតាមរយៈការចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូផ្សព្វផ្សាយ ហើយមានគណបក្សនយោបាយចំនួន៣ បានធ្វើការហែក្បួន ដែលរួមមានគណបក្សប្រជាជនកម្ពុជា ហែក្បួនចំនួន ៨ឃុំ គណបក្សភ្លើងទៀន ហែក្បួនចំនួន ២ឃុំ និងគណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចំនួន ២ឃុំ។

ដោយឡែកនៅខេត្តព្រះវិហារ គណបក្សនយោបាយចំនួន៨ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ ចាក់មេក្រូផ្សព្វផ្សាយ ហើយក្នុងនោះមានគណបក្សនយោបាយចំនួន៣ បានហែក្បួនឃោសនារួមមាន៖ គណបក្សភ្លើងទៀន ហែក្បួនចំនួន ២ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចំនួន ៣ឃុំ និងគណបក្សខ្មែររួបរួមជាតិ ហែក្បួនចំនួន ១ឃុំ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕