(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា នាពេលកន្លងមក មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនបានស្នើសុំសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ក្រុមហ៊ុនណាហ្គាវើលដ៍ផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

អនុវត្តតាមគោលការណ៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន៥រូបបន្ថែមទៀត រួមមាន លោក ផាន់ សុធី លោក សៅ សម្បត្តិ លោកស្រី អ៊ុក សោភ័ណ លោក សេង វណ្ណារិទ្ធិ និងលោក រស់ សុភ័ក្រ ក្នុងចំណោមអតីតបុគ្គលិកដែលបានគោរពស្នើសុំអន្តរាគមន៍បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។

ដូចនេះ គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន១៩២រូប ក្នុងចំណោម៣៧៣រូប ដែលបានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម១៨១រូប។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលប្រវត្តិរូបសង្ខេបពីអតីតបុគ្គលិកទាំងនោះ ហើយក៏បាននិងកំពុងជួយស្វែងរកឱកាសការងារថ្មីសម្រាប់អតីតបុគ្គលិកផងដែរ៕