(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការស្រាវជ្រាវវែកមុខរកមេខ្លោង និងជនក្លែងបន្លំ ដែលពាក់អាវយឺតពណ៌ផ្ទៃមេឃ មានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពដើររៃអង្គាសប្រាក់តាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៩៖១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានបុរសចំនួន០៣នាក់ ពាក់អាវយឺតពណ៌ផ្ទៃមេឃ ដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាព ដើររៃអង្គាសប្រាក់តាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សកម្មភាពនេះ ជាសកម្មភាពខុសពីគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ដែលអាចបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងបង្កការភាន់ច្រឡំមកលើគណបក្សប្រជាជនកម្ពុជា។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានប្តឹងទៅសមត្ថកិច្ច ដើម្បីធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដើម្បីរក្សានូវភាពស្អាតស្អំ ភាពត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋតែងតែផ្តល់នូវសេចក្តីទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោត នៅគ្រប់អាណត្តិមកនោះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបន្តធ្វើការស្រាវជ្រាវវែកមុខរកមេខ្លោង និងជនក្លែងបន្លំ ដែលបានរៀបចំផែនការ និងធ្វើសកម្មភាព ទុច្ចរិតលាបពណ៌យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ថែមទៀត។

ទន្ទឹមនឹងនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះសកម្មភាពទុច្ចរិតបែបនេះ នៅទីតាំងផ្សេងៗទៀត សូមមេត្តាជួយរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ឬគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាដែលនៅក្បែរនោះ ដើម្បីចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕