(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានស្នើឱ្យគណបក្សភ្លើងទៀន ធ្វើការពិនិត្យឡើងវិញ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងករណីមិនប្រក្រតី ក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សប្រឆាំងនេះ។

ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្តីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការតែងតាំង លោក សុន ឆ័យ មានភាពមិនប្រក្រតី ដោយមិនបានអនុវត្តឱ្យត្រឹមត្រូវទៅតាមលក្ខន្តិកៈ ដែលតម្កល់នៅក្រសួងមហាផ្ទៃនោះទេ។

ទាក់ទងនឹងការតែងតាំងនេះ បើតាម ប្រការ៣៣ នៃលក្ខន្តិកៈ របស់គណបក្សភ្លើងទៀន ដែលតម្កល់នៅក្រសួងមហាផ្ទៃ បានកំណត់ដូចតទៅ៖

«ប្រធានគណបក្ស តែងតាំងអនុប្រធានយ៉ាងតិចមួយ(១)រូប ក្នុងចំណោមសមាជិកគណៈកម្មាធិការនាយក បន្ទាប់ពីមានការយល់ព្រមពីមតិភាគច្រើនដាច់ខាត នៃគណៈកម្មាធិការនាយកសម្រាប់អាណត្តិ៥ (ប្រាំ) ឆ្នាំ។ អនុប្រធានគណបក្ស ទទួលដឹកនាំការងារ គណបក្សតាមការកំណត់របស់ប្រធាន។ នៅពេលអវត្តមាន របស់ប្រធានគណបក្ស អនុ ប្រធាន ០១រូប ត្រូវបានប្រគល់សិទ្ធិដោយប្រធាន ជាប្រធានស្តីទីគណបក្ស»។

ដោយឡែកមាត្រា ២០ នៃលក្ខន្តិកៈ របស់គណបក្សភ្លើងទៀន ដែលកំណត់ ពាក់ព័ន្ធនឹងសមាជវិញ បានបញ្ជាក់ថា

«តំណាងសមាជិកគណបក្ស សមាជកំណត់ទិសដៅ និងនយោបាយរបស់គណបក្ស គឺជាស្ថាប័នកំពូលរបស់គណបក្ស។ សមាជចូលរួមដោយប្រតិភូ ហើយអនុម័តលើសេចក្តីសម្រេចសំខាន់ៗ ដែលគណៈកម្មាធិការនាយកដាក់ជូន។ សមាជជ្រើសតាំងប្រធានគណបក្សតាមរយការបោះឆ្នោត ដោយមតិភាច្រើនដាច់ខាត (៥០% +១)សមាជិកវត្តមាន។

សមាជបោះឆ្នោតជ្រើសតាំង សមាជិកគណៈកម្មាធិការនាយកគណបក្ស ដោយមតិភាគច្រើនដាច់ខាត(៥០% +១) នៃសមាជិកវត្តមាន។

សិទ្ធិ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងប្រធានគណបក្ស និងសមាជិក គណៈកម្មាធិការនាយក មានចែងក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស។ សមាជអាចធ្វើការកែទម្រង់រចនាសម្ព័ន្ធរបស់គណបក្ស»។

សូមបញ្ជាក់ថា លោក សុន ឆ័យ ជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ទើបនឹងត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាធ្វើនយោបាយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕