(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីបូង៉ា ព្រះរាជបុត្រីពៅ នៃព្រះករុណា សម្តេចព្រះមុនីវង្ស ព្រះបរមខត្តិយកោដ្ឋ បានយាងសោយព្រះពិរាល័យ (ទីវង្គត) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា ដោយព្រះជរាពាធ នៅសហរដ្ឋអាមេរិក។ នេះបើតាមអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ដែលជាសែរាជវង្ស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល បានឱ្យដឹងថា «លោកបានសុគតនៅសហរដ្ឋអាមេរិក ហើយមិនដឹងត្រូវនាំព្រះធាតុមកតម្កល់នៅភ្នំពេញ វិញនោះទេ ព្រោះព្រះសពរបស់ទ្រង់ត្រូវបានបូជានៅសហរដ្ឋអាមេរិក សម្រាប់ពិធីបុណ្យត្រូវបានរាជវង្សានុវង្ស បានរៀបចំធ្វើនៅសហរដ្ឋអាមេរិក»

សូមបញ្ជាក់ថា ព្រះបាទ សម្តេច ព្រះស៊ីសុវត្ថិ មុនីវង្ស មានព្រះរាជឱរសសរុប២៧ព្រះអង្គ ក្នុងនោះព្រះរាជបុត្រ១៣អង្គ និងព្រះរាជបុត្រី១៤អង្គ។

បច្ចុប្បន្ន ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ នារីបូង៉ា ជាព្រះរាជបុត្រីចុងក្រោយបង្អស់របស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដែលទើបយាងចូលទីវង្គត ដោយមាតាព្រះអង្គ គឺអ្នកម្នាង នារី ស៊ីសាម៉ន។ ព្រះអង្គម្ចាស់ក្សត្រីយ៍ បានប្រសូត្រ កាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ១៩៣៥ នារាជធានីភ្នំពេញ៕