(ភ្នំពេញ-កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន «ក១០» បានស្រាវជ្រាវ និងបង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ និងរឹបអូសសារធាតុញៀនជាង១,៤០០គីឡូក្រាម និងសារធាតុគីមីជាង១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះ បានធ្វើឡើងអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

កម្លាំងជំនាញ «ក១០» របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ, លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភក្តិ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាង ០២ខែរួចមក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី សមត្ថកិច្ចយើងបានបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់។

ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ ដែលឃាត់ខ្លួនបានរួមមាន៖

* ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ២៨ឆ្នាំ (មេការ)
* ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស)
* ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស)
* ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកបច្ចេកទេស)។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ាស៊ីន ឧបករណ៍សម្ភារសម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 40គីឡូ ៥១.៧ក្រាម, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើត្រូវមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕