(កំពង់ធំ)៖ លោក ឃុន ប៊ុនហូ ប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបក្សជិត៦០០នាក់ ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកនៅតាមមូលដ្ឋានផងដែរ។

នាឱកាសនោះលោក ឃុន ប៊ុនហូ ក៏បានអំពាវនាវដល់សមាជិកទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្តដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពជឿនលឿនបន្តទៀត និងបានផ្សព្វផ្សាយនៅស្នាដៃធំៗជាច្រើនទៀត ដែលជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា បានកសាងកន្លងមកឱ្យសមាជិកសមាជិការបានយល់កាន់តែច្បាស់នៅស្នាដៃជាប្រវត្តិសាស្ត្រ និងសមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិនិងប្រជាជនកម្ពុជាព្រមទាំងផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ឃុំ។

លោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំម្សាក្រងទាំងមូល សូមអញ្ជើញទៅបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានលេខរៀងទី៣ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕