(ក្រចេះ)៖ នគរបាលស្រុកស្នួល ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសដោយយកកូនកាំបិតចាក់ទៅលើម្ដាយក្មេក និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ គំរាមថែមទៀត។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកស្នួលដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភានេះ បានបញ្ជាក់ថា ករណីហិង្សានេះបង្កដោយជនសង្ស័យ ជាកូនប្រសារ ឈ្មោះ រឹម សុផា (ហៅជាងម៉ៅ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំភ្លើងខ្លីកែច្នៃ (បាញ់គ្រាប់វាំងឡុង) គំរាមបាញ់ទៅលើជនរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។

ឃើញដូចនេះ ជនរងគ្រោះជាម្តាយក្មេកបានយកកូនកាំបិតបម្រុង ចាក់ទៅលើកូនប្រសារមុន ហើយត្រូវបានកូនប្រសារឈ្មោះ រឹម សុផា ដណ្តើមកូនកាំបិតបាន ក៏ចាក់ទៅលើម្តាយក្មេកឈ្មោះ លឹម រ៉េត វិញ ត្រូវចំភ្នែកខាងស្តាំរងរបួសចេញឈាម។ ឃើញដូចនេះឈ្មោះ ដា ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ (ជាកូនប្រសារឈ្មោះ លឹម រ៉េត) បានស្ទុះចូលទៅជួយម្តាយក្មេក ដោយបានយកឈើច្រត់ដែក វាយទៅលើឈ្មោះ រឹម សុផា (ត្រូវជាបងថ្លៃ) ត្រូវចំក្បាលខាងក្រោយ មានស្នាមដាច់ចេញឈាម។ បន្ទាប់មកឈ្មោះ លឹម រ៉េត ជាម្តាយក្មេក ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលរបួសនៅ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

តាមរបាយការណ៍បញ្ជាក់ទៀតថា មូលហេតុនៃជម្លោះឈាន ដល់អំពើហិង្សាខាងលើ ដោយសារជនសង្ស័យជាកូនប្រសារឈ្មោះ រឹម សុផា(ហៅជាងម៉ៅ) ខឹងនឹងម្តាយក្មេកឈ្មោះ លឹម រ៉េត ចង់បំបែកប្រពន្ឋរបស់ខ្លួន ចេញពីរូបខ្លួនទៅយកប្តីថ្មី។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្នួល បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាកូនប្រសារ ឈ្មោះ រឹម សុផា(ហៅជាងម៉ៅ) និង ចាប់យក វត្ថុតាង កាំភ្លើងជ័រកែច្នៃចំនួន០១ដើម គ្រាប់ចំនួន០១ និង កូនកាំបិតដងឈើចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ រឹម សុផា(ហៅ ជាងម៉ៅ) ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕