(ព្រះវិហារ)៖ លោក យុង គឹមហ៊ាន អភិបាលរងខេត្តតំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំប្រទិភូចូលរួមដង្ហែអដ្ឋិធាតុយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល បានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ទៅបញ្ចុះនៅខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

បន្ទាប់ពីជំងឺកូវីដ-១៩ មានការធូរស្បើយល្អប្រសើរ រដ្ឋបាលខេត្តព្រះវិហារ បានបន្តកិច្ចសហប្រតិបត្តិការ ជាមួយជំនាញរុករកអដិ្ឋធាតុយុទ្ធជន ខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងបានរួមដំណើរក្នុងការដង្ហែអដិ្ឋធាតុ នៃយុទ្ធជនពលីវៀតណាមចំនួន១៨ ពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុក ដឹកកឺ ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្តចូលរួមក្នុងការបញ្ចុះអដិ្ឋធាតុ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានថ្លែងនូវការចូលរួមសោកស្ដាយ ស្រណោះអាឡោះអាល័យជាពន់ពេក ចំពោះយុទ្ធជន យុទ្ធនារី កម្មាភិបាលនៃវិរៈជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអង់អាចក្លាហាន ក្នុងការរំដោះប្រទេសនិងប្រជាជនកម្ពុជា ឱ្យចាកចេញពីរបបប្រល័យពូជសាសន៍ និងបានពលីជីវិតនៅលើសមរភូមិ នៃទឹកដីខេត្តព្រះវិហារ ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក យុង គឹមហ៊ានថា គុណូបការៈនេះធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខេត្តព្រះវិហារ ពិសេសប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមចូលរួម រំលែកនូវមហាទុក្ខសោកស្ដាយដ៏ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារក៏ដូចជា ប្រជាជនវៀតណាម ប្រទេសវៀតណាមផងដែរ។ ផ្ដើមចេញពីសហប្រតិបត្តិការរុករកអដិ្ឋធាតុនេះ ធ្វើឱ្យចំណងនៃកិច្ចសហប្រតិបត្តិការ រវៀងប្រទេសកម្ពុជានិងប្រទេសវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា កាន់តែជិតស្និតថែមទៀត ដោយប្តេជ្ញារឹតចំណងសាមគ្គីភាពឱ្យកាន់តែរឹងមាំថែមទៀត និងបង្កើនកិច្ចទំនាក់ទំនង សម្ព័ន្ធមេត្រីភាពរវៀងគ្នានិងគ្នាឱ្យកាន់តែយូអង្វែងថែមទៀត៕