(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារសំខាន់ គឺអាចស្នើសុំបែបបទបានពី (ឯ.អ) គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ហៅថា «សិក-SEC» ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តឡើងចាប់ពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣៖០០នាទីរសៀលថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លើសពីនេះ លោក សុខ សម្បត្តិ បានជម្រុញឱ្យប្រជាពលរដ្ឋ គ្រប់រូប និងគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រលាញ់ និងពេញចិត្តឱ្យបានគ្រប់ៗគ្នា។

លោក សុខ សម្បត្តិ បានផ្ដាំផ្ញើ និងជម្រុញដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ក្នុងពេលលោក និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អមដោយមន្ត្រីក្រោមឱវាទខណ្ឌ-សង្កាត់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបើកការដ្ឋានស្ថាបនាកែប្រែផ្លូវលំ១ខ្សែ ប្រវែង១២២៦ម៉ែត្រ និងទទឹងប្រវែង៦ម៉ែត្រ (ថវិការដ្ឋបាលខណ្ឌ) ដែលពិបាកក្នុងការធ្វើដំណើរឱ្យក្លាយទៅជាផ្លូវបេតុង ដើម្បីងាយស្រួលធ្វើដំណើរសម្រាប់បម្រើជូនប្រជាពលរដ្ឋ ក្នុងភូមិស្វាយឧត្តម និងភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក សុខ សម្បត្តិ នៅក្នុងពិធីប្រកាសបើកការដ្ឋានស្ថាបនាកែប្រែផ្លូវលំ (ស្ថាបនា) ឱ្យក្លាយទៅជាផ្លូវបេតុង ដើម្បីងាយស្រួលធ្វើដំណើរសម្រាប់បម្រើជូនប្រជាពលរដ្ឋ បានមានប្រសាសន៍ថា រយៈពេល២ឆ្នាំមកហើយ ដែលអាក់ខានក្នុងការធ្វើផ្លូវ១ខ្សែនេះ ដោយសាររាជរដ្ឋាភិបាល បានចំណាយថវិការច្រើនលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។

លោកអភិបាលខណ្ឌព្រែកព្នៅ បានថ្លែងទៀតថា រយៈពេល២ឆ្នាំ បើទោះបីជាផ្លូវខូចបន្តិចបន្តួចយើងអាចនូវប្រើប្រាស់បាន តែបើជីវិតប្រជាពលរដ្ឋ គឺសំខាន់ណាស់ ដែលមិនអាចយកអ្វីមកប្រដូចបានទេ ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងបានល្អរហូតដល់ថ្នាក់ពិភពលោកកោដសរសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។

លោកអភិបាលខណ្ឌព្រែកព្នៅបានគូសបញ្ជាក់ថា បើក្នុងករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋអាចទាក់ទងទៅគណៈកម្មការបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីធ្វើលិខិតបញ្ជាក់ ហើយអាចមានសិទ្ធិក្នុងការចូលរួមទៅបោះឆ្នោតបាន រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥៖៣០នាទីល្ងាច៕