(បាងកក)៖ លោក ស្រី ចំរើន ក្នុងនាមក្រុមយុវជនស្ម័គ្រចិត្ត «ក្រុមយុវជនសាមគ្គី» បានដឹកនាំប្រតិភូការងារ ចុះធ្វើបេសកកម្ម សួរសុខទុក្ខ និងស្រាវជ្រាវ ពីបញ្ហាប្រឈមរបស់ពលករកម្ពុជា ដែលធ្វើការនិងស្នាក់នៅប្រទេសថៃ ដើម្បីសហប្រតិបត្តិការដោះស្រាយ ជាមួយស្ថាប័នតំណាងរបស់ប្រទេសកម្ពុជា និងប្រទេសថៃ ជូនពលករកម្ពុជា។

លោក ស្រី ចំរើន បានឲ្យដឹងថា តាមរយៈការទទួលបណ្តឹង និងសំណូមពរពីពលករខ្មែរ ដោយបានចុះផ្ទាល់ជាមួយពលរដ្ឋ លោកនិងក្រុមការងារប្រមូលបានព័ត៌មានជាច្រើន ពាក់ព័ន្ធការបំពេញភារកិច្ចរបស់មន្ត្រីតំណាងក្រសួងការងារ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តំណាងអង្គការសមាគមក្រុមហ៊ុនខ្មែរនិងថៃ ដែលរត់សេវាកម្មជូនពលករ គឺឃើញថាមានចំណុចវិជ្ជមាន និងអវិជ្ជមានជាច្រើន ដែលពលករកម្ពុជា ទទួលបានផលល្អ និងរងគ្រោះក្នុងករណីចន្លោះខ្វះខាតមិនយកចិត្តទុកដាក់។ ជាពិសេសក្រុមហ៊ុន មេខ្យល់ និងអ្នកកណ្តាល (Sub/Broker) ដែលបានបំពានគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា-ថៃ ដោយកៀបសង្កត់ និងបិទសិទ្ធសេរីភាពពលករ។

លោកបន្តថា លោកនឹងដឹកនាំក្រុមការងារដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាជនកម្ពុជា ដែលធ្វើការនិងស្នាក់នៅប្រទេសថៃ ជាគោលការណ៍ នឹងស្នើសុំកិច្ចសហការជាមួយតំណាងអង្គការរដ្ឋ នៃប្រទេសទាំងពីរ គឺកម្ពុជា-ថៃ និងក្រុមហ៊ុននៃភាគីពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនេះ លោក ស្រី ចំរើន ក៏សូមអរគុណក្រសួងការងារ ក្រសួងមហាផ្ទៃ គណៈកម្មកាបំពេញភាពស្របច្បាប់ជូនពលករកម្ពុជា ធ្វើការនិងស្នាក់នៅប្រទេសថៃ (អន្តរក្រសួង) និងស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ដែលបានយកចិត្តទុកដាក់ និងសម្របសម្រួលការពារគាំពារផ្លូវច្បាប់ និងជីវភាពដល់ពលករកម្ពុជា ជាពិសេសបានផ្តល់ការសហការល្អបំផុតជាមួយលោក និងប្រតិភូការងាររបស់លោក៕