(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិក អ្នកគាំទ្រជាង៣០០នាក់ ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ។

នៅក្នុងឱកាសដឹកនាំការហែក្បួនឃោសនានេះ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានបង្ហាញនូវគោលនយោបាយឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២២-២០២៧ ព្រមទាំងបង្ហាញសមិទ្ធផលដែលរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា សម្រេចបាន កន្លងមកផងដែរ។

សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅមូលដ្ឋាននេះ ក្នុងថ្ងៃនេះ គឺមានការជួបជុំ បន្ទាប់មកមានការហែក្បួនឃោសនានៅក្នុងមូលដ្ឋាន នៅចុងបញ្ចប់នៃកម្មវិធីមានការរាំកម្សាន្តសប្បាយ ផងដែរ។

លោកស្រីបណ្ឌិត កុយ ពិសី បានសម្តែងនូវក្តីរីករាយក្រៃលែងចំពោះវត្តមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់ ដែលបានមកជួបជុំយ៉ាងច្រើននៅមូលដ្ឋាននេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ។

លោកស្រីលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយស្រោចវ៉ាក់សាំង និងវិធានការទាន់ពេលវេលានានា បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញ ទាំងវិស័យសេដ្ឋកិច្ច សង្គម ហើយអាចរៀបចំការបោះឆ្នោតបានយ៉ាងល្អប្រសើរ។

លោកស្រីក៏បានអំពាវនាវឱ្យជនរួមជាតិ ដែលបានឃើញច្បាស់រួចហើយនូវសកម្មភាព សមិទ្ធផល និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កា ជាសញ្ញាសម្គាល់ឱ្យបានគ្រប់ៗគ្នាកុំបីខាន នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ នៅមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ការឃោសនានេះមានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែកការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕