(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយទទួលដំណឹងថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច បានចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា ដោយព្រះជរាពាធ។

ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកស្រី ថៃ សត្ថិសុវី ខូរ៉ូលី ជាព្រះបុត្រី, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សូមចូលរួមរំលែកនូវមរណទុក្ខប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុត។ ការបាត់បង់ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច គឺជាការបាត់បង់ព្រះមាតាដែលពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាទីគោរពស្រឡាញ់នៃបុត្រី ព្រមទាំងបងប្អូន កូនចៅ និងព្រះញាតិទាំងឡាយរបស់ព្រះអង្គ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សូមបួងសួងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច យាងទៅសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕