(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

គ.ជ.ប បានឱ្យដឹងថា តាមការសង្កេតក្នុងការឃោសនាបោះឆ្នោតថ្ងៃទី៦នេះ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗស្របតាមកម្មវិធីដែលបានកំណត់។ នៅខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឯកភាពជាតិខ្មែរ និងគណបក្សកម្ពុជានិយម បានធ្វើសកម្មភាពឃោសនាតាមរយៈការចែកខិត្តប័ណ្ណ ជួបប្រជុំ បិទផ្សាយរូបភាព ចាក់មេក្រូផ្សព្វផ្សាយ និងហែក្បួនឃោសនា។

បើតាម គ.ជ.ប បានបញ្ជាក់ថា ដោយឡែកការឃោសនាថ្ងៃនេះ ក៏មានជួបបញ្ហាអាកាសធាតុតិចតួចផងដែរ គឺនៅភូមិសាស្រ្តខេត្តរតនគិរី មានភ្លៀងធ្លាក់នាពេលព្រឹក ដែលបានបង្អាក់ដល់ការហែក្បួនឃោសនា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគណបក្សនយោបាយនៅតែបន្តធ្វើសកម្មភាពដទៃទៀត រួមមាន៖ ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយគ្រប់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕