(កំពង់ធំ)៖ លោក ណឹម ចាន់ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។

លោក ណឹម ចាន់ថា បានថ្លែងបែបនេះគឺក្នុងពេលឃោសនារកសំឡេងឆ្នោតនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

លោកបានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិក សមាជិកាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះពីព្រោះថាមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនពួកគេជានិច្ច។

លោកបានថ្លែងអំណរអរគុណចំពោះសមាជិកបក្សដែលបានមករួមរស់ជាមួយគណបក្យប្រជាជនកម្ពុជា បើទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោបានរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបញ្ជាក់ទៀតថា កម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះគឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ។

លោកបានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយគណបក្សប្រជាជននៅ
ឃុំក្រយាមានលំដាប់លេខរៀងទី៣៕