(ព្រះសីហនុ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលបានចូលរួមប្រែក្លាយ មុខមាត់ខេត្តឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។

លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ដោយរាជរដ្ឋាភិបាលបានផ្តោតការវិនិយោគយ៉ាងសំខាន់មកលើភូមិសាស្ត្រខេត្តមួយនេះ តាម រយៈយន្តការគ្រប់វិស័យទាំងអស់ ដូច្នេះការអភិវឌ្ឍផ្លូវថ្នល់ ហេដ្ឋារចនាសម្ពន្ធ័នៅទូទាំងខេត្ត គឺសុទ្ធតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាប្រែក្លាយខេត្តដ៏មានសក្តានុពលនេះ ឱ្យមានភាពលេចធ្លោទាំងនៅក្នុងឆាកជាតិ និងអន្តរជាតិ។

លោកបានបន្តថា រយៈពេល៥ឆ្នាំចុងក្រោយនេះ មន្ទីរបានខិតខំប្រឹងប្រែងអនុវត្តន៍ផែនការសំខាន់ៗដែលបានដាក់ចេញឱ្យសម្រេចបានតាមការគ្រោងទុក ដោយបានអភិវឌ្ឍន៍ផ្លូវចំនួន៣៧ខ្សែក្នុងក្រុង ដែលមានប្រវែងសរុប៨៤ គីឡូម៉ែត្រ សាងសង់រង្វង់មូលចំនួន៣ទីតាំង សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ទីតាំង ដែលទីតាំងទី៣បាននិងកំពុងសាងសង់ សាងសង់ស្ថានីយបូមទឹកកង្វក់ចំនួន៤កន្លែង អភិវឌ្ឍន៍ផ្លូវចំនួន១០ខ្សែប្រវែងសរុបជិត៦០គីឡូម៉ែត្រ (ផ្លូវ១០ខ្សែក្នុងក្រុង និងផ្លូវខេត្ត១ខ្សែ) ស្តារអូរប្រឡាយធម្មជាតិចំនួន៥ខ្សែប្រវែងសរុបជាង២៧គីឡូម៉ែត្រ ស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតាជាដើម។

លោកបញ្ជាក់ថា «លើសពីនេះយើងមានស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតា ដែលជាស្ថានីយ៍បែបធម្មជាតិ ហើយយើងក៏បានពង្រឹងសមត្ថភាពចម្រោះទឹកកខ្វក់របស់យើងដើម្បីទទួលច្រោះ បានរហូតដល់ប្រហែលជា ៣០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយកាលពីមុននៅពេលដែលយើងមិនទាន់បានបន្ថែមវាស្ថានីយច្រោះទឹកនេះអាចបានត្រឹមតែ ៧,០០០តែប៉ុណ្ណោះ គឺដោយសារតែកំណើនប្រជាពលរដ្ឋ ហើយដូចយើងឃើញហើយថា ខេត្តព្រះសីហនុមានការរីកលូតលាស់ខ្លាំងនៅក្នុងអំឡុង ពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ ដូច្នេះការបញ្ចេញទឹកកខ្វក់នេះក៏មានច្រើនដែរ ដូច្នេះនៅខេត្តនេះមានប្រព័ន្ធចម្រោះទឹកកខ្វក់១៦ហិកតារបស់ក្រសួងសាធារណការ ហើយនឹងប្រភេទប្រើប្រាស់ជាតិគីមីរបស់គណៈកម្មការឆ្នេរដែលលោកបានសាងសង់រួចហើយ»

តែទោះជាយ៉ាងណាក៏ដោយ បើតាមមន្រ្តីរូបនេះ ស្ថានីយ៍ទាំងអស់នេះបម្រើឱ្យការច្រោះទឹកកខ្វក់ ដើម្បីធានាថា មិនឱ្យមានទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ ហើយក្រៅពីនេះទៀត យើងមានស្ថានីយបូមទឹកកខ្វក់ ដោយទីតាំងខ្លះយើងដឹងហើយថាភូមិសាស្ត្រខេត្តព្រះសីហនុយើងគឺមានភ្នំ ដូច្នេះស្ថានីយយើងមានកន្លែងខ្លះមិនអាចហូរទៅតាមធម្មជាតិបានត្រឹមត្រូវទេ ដូច្នេះយើងត្រូវការមានស្ថានីយ៍បូម ជាក់ស្ដែងយើងមានស្ថានីយបូម៨ទីតាំង ដែលបម្រើការឱ្យការបូមទឹកកខ្វក់ ដើម្បីឆ្ពោះ ទៅអាង១៦ហិកតា ឬក៏ឆ្ពោះ ទៅស្ថានីយបូមទឹកកខ្វក់ដែលយើងបានរៀបចំ។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា ចំពោះគម្រោងថ្នាក់ក្រោមជាតិ ក៏សម្រេចបានគម្រោងសាងសង់ និងជួសជុលផ្លូវចំនួន៤៤ខ្សែ ដែលមានប្រវែងសរុប៤៣គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងជាផ្លូវ DBST ផងដែរ ដែលសមិទ្ធ ផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកកាន់បន្ថយភាពក្រីក្រ ប្រែក្លាយខេត្តព្រះសីហនុឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេសគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នាពេលអនាគត៕