(ព្រះវិហារ)៖ លោក គួង ឡូ អនុប្រធានក្រុមការងារខេត្តចុះជួយស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយឃុំព្រះឃាំង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះ រួមជាមួយបេក្ខជន ពេញសិទ្ធិ និងបម្រុង ជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាបក្ស ឃុំព្រះឃាំង ជាមួយការហូបនំបញ្ចុកសាមគ្គី និងរាំលេងកំសាន្តជាមួយគ្នាដោយភាពស្និទ្ធស្នាល។

ក្នុងនាមលោក ស៊ូ សិរី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកត្បែងមានជ័យ, លោក គួង ឡូ បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារចុះជួយឃុំព្រះឃ្លាំង ក៏ដូចជាបេក្ខជនពេញសិទ្ធិ និងបម្រុងព្រមទាំងសមាជិកសមាជិកាបក្សឃុំព្រះឃ្លាំងទាំងអស់ ដែលចាប់តាំងពីថ្ងៃឃោសនារកសម្លេងឆ្នោតថ្ងៃទី១ រហូតមកដល់ថ្ងៃនេះ បានរួបរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងទិសដៅដណ្តើមជោគជ័យនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា។

លោក គួង ឡូ ក៏បានថ្លែងណែនាំដល់បេក្ខជនពេញសិទ្ធិ និងបម្រុង ក៏ដូចជាក្រុមការងារចុះជួយឃុំព្រះឃ្លាំងទាំងអស់ ស្របពេលចុះតាមខ្នងផ្ទះតាមភូមិនានា ក្រៅពីផ្សព្វផ្សាយពីគោលនយោបាយបក្ស ពីលេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោត ត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋកុំឱ្យជឿតាមការដើរខ្សឹបនិងដើរសន្យាបោកប្រាស់ ពីគណបក្សនយោបាយមួយចំនួនឱ្យសោះ ព្រោះឱ្យតែរដូវឃោសនាបោះឆ្នោតម្តងៗ គណបក្សនយោបាយមួយចំនួននោះ គេតែងតែដើរឃោសនារបៀបនេះ ជាមួយប្រជាពលរដ្ឋជានិច្ច។

ជាមួយគ្នានេះ លោក គួង ឡូ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា បោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ភូមិ ឃុំ របស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត។ នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនេះដែរ ក៏មានការរៀបចំពិសារនំបញ្ចុកសាមគ្គី និងរាំលេងកំសាន្តជាមួយគ្នាដោយភាពសប្បាយរីករាយផងដែរ៕