(ភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំទប់ទល់ នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលបន្ថែមឱសថ ផាកឡូវីដ (PAXL0VID) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំពោះមនុស្សចាប់ពីអាយុ១២ឆ្នាំឡើងទៅ។

ឱសថសម្រាប់ព្យាបាលកូវីដ១៩ទាំងពីរ ត្រូវចែកចាយជូនមន្ទីរ ពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះតទៅ តាមលក្ខខណ្ឌដូចខាងក្រោម៖

១៖ ឱសថម៉ូលណាទ្រីស (MOLNATRIS) តម្លៃ ៥០ ដុល្លារ
* បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់១០ដូស
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់១០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦០ ដុល្លារក្នុង១ដូស
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ១សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

២៖ ឱសថផាកឡូវីដ (PAXL0VID) តម្លៃ ៩៥ ដុល្លារ
* បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់៥ដូស
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់៥០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ១០៥ ដុល្លារ ក្នុង១ដូស
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ១សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ឬអ្នកលក់ យកទៅលក់បន្តលើសពីតម្លៃ កំណត់ខាងលើ ក្រុមការងារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ តាមនីតិវិធីជាធរមាន។ ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថទាំងពីរប្រភេទ ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាខាប្រៃសណីយ៍កម្ពុជាខេត្ត៕