(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា គណបក្សប្រជាជន កើតចេញពីប្រជាជន និងដើម្បីប្រជាជន។ ការលើកឡើងនេះ ក្នុងឱកាសដែលលោកស្រី បានដឹកនាំក្រុមការងារចុះជួយភូមិឃុំ និងបេក្ខជនក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ បន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស ឃោសនារកសំលេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោកស្រីបានរំលឹកប្រាប់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តម្លៃសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ និងសមិទ្ធិផលទាំងអស់ បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

លោកស្រីថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ការសម្របសម្រួលស្វែងរកសន្តិភាពជាមួយពួកកងទ័ពខ្មែរក្រហម និងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ របស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន និងគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនរបស់យើងនៅពេលនេះ។

ជាមួយគ្នានេះលោកស្រី បានបន្តថា គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន ព្រោះថា គណបក្សមានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលាសំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយទាំងនេះ គឺជាការគិតគូរទៅដល់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ និងមិនរត់ចោលបងប្អូនប្រជាពលរដ្ឋឡើយ។

បន្ថែមពីនេះ លោកស្រីបានបញ្ជាក់ថា ក្នុងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួន មិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ បងប្អូនប្រជាពលរដ្ឋ នៅត្រង់ចំណុចនេះ លោកស្រីបានប្រាប់ប្រជាពលរដ្ឋកុំជឿឱ្យសោះ ព្រោះវាគ្រាន់តែថាគ្រាន់តែនិយាយ អ្នកណាក៏ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង។

ចំណែកឯគណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលដើរខ្សឹបថាធ្វើនេះធ្វើនោះទេ តែសមិទ្ធិផលកើតមានព្រោងព្រាតតាម ភូមិ ឃុំ ស្រុក។ ជាចុងក្រោយលោកស្រី សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តជួយគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឱ្យបានគ្រប់ៗគ្នា ពិសេសនូវឃុំព្រៃគុ គណបក្សប្រជាជនកម្ពុជាឈរលំដាប់លេខរៀងទី៤ ដើម្បីភូមិឃុំ យើងកាន់តែរីកចម្រើនថែមទៀត៕