(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយយ៉ាងខ្លាំង ជូនលោកស្រី ថៃ សត្ថិសុវី ខូរ៉ូលី ចំពោះការចូលព្រះទិវង្គតរបស់ព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីប៊ុង៉ា ជ្រោច នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា ដោយព្រះជរាពាធ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសាររំលែកទុក្ខថា «លោកស្រី ជាទីរាប់អាន! ខ្ញុំមានសេចក្តីរន្ធត់ក្តុកក្តួលឥតឧបមា និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីការយាងសោយព្រះទិវង្គតរបស់ ព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីប៊ុង៉ា ជ្រោច ដែលត្រូវជាព្រះមាតារបស់ លោកស្រី នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ»
ឮការយាងសោយព្រះទិវង្គតរបស់ ព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីប៊ុង៉ា ជ្រោច គឺជាការបាត់បង់ដ៏ធំធេងនូវព្រះមាតា ប្រកបដោយសង្គហធម៌ និងព្រះព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ជាទីគោរពស្រឡាញ់បំផុតនៃបុត្រី ព្រមទាំងព្រះរាជវង្សានុវង្សទាំងអស់របស់ព្រះអង្គ។

ក្នុងឱកាសដ៏សែនសង្វេគប្រកបដោយសមានទុក្ខនេះ ខ្ញុំសូមចូលរួមចែករំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ជ្រាលជ្រៅ និងសេចក្តីក្រៀមក្រំសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ លោកស្រី ព្រមទាំងព្រះរាជវង្សានុវង្ស និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យសូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៉ីសុវត្ថិ នារីប៊ុង៉ា ជ្រោច ទ្រង់បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកស្រី ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ៕