(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស ខេត្តកំពង់ចាម បានលើកឡើងថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនអ្នក និងដើម្បីអនាគតកូនចៅយើង»។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងនៃការចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅកងតាណឹង និងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ លោកបានលើកឡើងថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់សន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា ធានាបាននូវសុខសុវត្ថិភាព សន្តិភាព ការអភិវឌ្ឍ ហ៊ានសន្យា ហ៊ានធ្វើ បំពេញតាមសំណូរពររបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុន និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកងតាណឹង និងរកាអារ ព្រមទាំងលោក​-លោកស្រី ចុះជួយស្រុកកងមាសទាំងមូល ដែលបានបំពេញការងារយ៉ាងសកម្ម ចូលរួមអភិវឌ្ឍស្រុកកងមាសឱ្យមានភាពរីកចម្រើនផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានអំពាវដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតជូនបេក្ខជនមេឃុំថ្មីដើម្បីផ្តល់ឱកាសដល់ក្រុមការងារជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកងមាសជាបន្តទៀត អាចឱ្យក្រុមការងារបានរួមសុខ រួមទុក្ខបន្តបំពេញភារកិច្ច និងបម្រើដល់ប្រជាពលរដ្ឋគ្រប់ឃុំ នៅស្រុកកងមាស ធានាបាននូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងភូមិ ឃុំ មានសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងទទួលខុសត្រូវចំពោះការអភិវឌ្ឍនៅមូលដ្ឋាន។

លោករដ្ឋមន្ត្រីបានអះអាងថា គណបក្សប្រជាជន នឹងបន្តផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរ មានប្រសិទ្ធភាព និងលឿនជាងមុន ដើម្បីចូលរួមលើកស្ទួយជីវភាព ការប្រកបរបរចិញ្ចឹមជីវិត និងការពារផលប្រយោជន៍របស់ប្រជាជន ជាពិសេសការបង្កើនការងារ ការពង្រីកមុខរបរ ការងារកសិកម្មនិងផលិតកម្ម និងការពង្រីកទីផ្សារនៅគ្រប់ឃុំ ក្នុងស្រុក កងមាស។

លោកសន្យានឹងបន្តជួយគាំទ្រឲ្យកាន់តែខ្លាំងថែមទៀតដល់ការរៀនសូត្ររបស់កូនចៅ និងក្មួយៗជាសិស្ស និងនិស្សិតទាំងអស់ឲ្យបានរៀនសូត្រនៅក្នុងអគារ សិក្សាល្អៗ មានសម្ភារ បរិក្ខារគ្រប់គ្រាន់ និងមានឱកាសរៀនបន្តនៅមហាវិទ្យាល័យគ្រប់គ្នា ព្រមទាំងយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌ នៃការបំពេញការងារ និងជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ ឲ្យកាន់តែប្រសើរ ជាងមុន៕