(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលជាអ្នករស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផល លើដីតំបន់៣ មុនឆ្នាំ២០១២ ក្នុងភូមិចិនតាយ ភូមិសំរោងព្រៃខៀវ ភូមិអូរព្រាល និងភូមិត្រាង នៃឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចកាត់ឆ្វៀលដីតំបន់៣ ជូនគាត់ដែលរស់នៅ និងបង្កបង្កើនផលយូរអង្វែងពិតប្រាកដ មុនឆ្នាំ២០១២ ដើម្បីឲ្យពូកគាត់មានលទ្ធភាពអាស្រ័យផលជាបន្តទៀត។

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ ដែលធ្វើឡើងនៅបរិវេណវត្តកោះខ្សាច់ ភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ក្រោមអធិបភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋក៏បានធ្វើញតិ្តគាំទ្រ និងសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋដែលអាស្រ័យផលលើដីតំបន់៣ មុនឆ្នាំ២០១២ ភូមិចិនតាយ ភូមិសំរោងព្រៃខៀវ ភូមិអូរព្រាល និងភូមិត្រាង នៃឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពីបានស្តាប់យ៉ាងយកចិត្តទុកដាក់បំផុត នូវសេចក្តីថ្លែងការណ៍ ប្រកបដោយអត្ថន័យ ខ្លឹមសារដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុត ជាផលប្រយោជន៍ជាតិ និងប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋដែលរស់នៅ និងបង្កបង្កើនផលយូរអង្វែងពិតប្រាកដ គិតមុនឆ្នាំ២០១២រួចមក យើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្តីរំភើបឥតឧប្បមាក្រៃលែង ចំពោះគុណូបការៈ និងការសណ្តោសប្រោសប្រណីមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលឲ្យយើងខ្ញុំទាំងអស់គ្នា បានបន្តការអាស្រ័យផលលើដីតំបន់៣ បន្តទៀត។ សម្តេចតេជោ គឺជាវីរៈបុរសកម្ពុជា នៅជាប់ជាមួយប្រជាពលរដ្ឋ ជានិច្ច ដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់មជ្ឈដ្ឋាន មិនដែលភ្លេចកូនចៅណាម្នាក់ឡើយ។ គុណូបការៈរបស់សម្តេចតេជោ យើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបានតកូនតចៅ»។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងជាឱឡារឹកចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជាមួយប្រជាជន និងប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិដ៏ឧត្តុងឧត្តម និងសូមគាំទ្របោះឆ្នោតជូនសម្តេច ធ្វើជានាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មីបន្តទៀត ដើម្បីដឹកនាំប្រទេសជាតិយើងឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕