(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅតាមក្រុងស្រុកចំនួន៥ក្នុងខេត្តកំពង់ធំ មានភាពសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានឆ្វៀលដីអាស្រ័យផល និងលំនៅដ្ឋានចេញពីតំបន់២មកតំបន់១ ជូនដល់ពួកគាត់ ដែលអនុញ្ញាតឲ្យពួកគាត់បានទាំងអាស្រ័យផល និងក៏អាចធ្វើជាម្ចាស់កម្មសិទ្ធិចំពោះដីទាំងនោះផងដែរ។

ជាមួយទឹកមុខសប្បាយរីករាយពេលផ្តល់បទសម្ភាសន៍ជូនភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ លោក ឆេង អាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ, បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង និងស្រុកតាំងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេច និងចាត់ទុកថានេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

ជាមួយនឹងក្តីសប្បាយរីករាយនេះ ប្រជាពលរដ្ឋទាំងនោះ សូមប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាគ្រប់អាណត្តិ ហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ពួកគាត់នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីពីតំបន់២ មកជាតំបន់១ ចំនួន៣,៦០៩ក្បាលដី ស្មើនឹង១,៨១៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋនៅឃុំត្នោតជុំ និងឃុំចុងដូង ស្រុកបារាយណ៍ មានចំនួន២៥៧ក្បាលដី ស្មើនឹង ៦៣៦គ្រួសារ និងឃុំតាំងក្រសាំង ឃុំជ្រាប់ និងឃុំកកោះ ស្រុកសន្ទុក មានចំនួន ៣.៣៥២ក្បាលដី ស្មើនឹង១,១៧៨គ្រួសារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

តាមរយៈសារសំឡេងកាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប ត្រូវកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង ព្រោះបឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបធានានិរន្តរភាពជីវចម្រុះ៕

ខាងក្រោមនេះជាការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន៖