(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង។ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់យ៉ាងដូច្នេះនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសួនក្រញូង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា សង្កាត់សំបូរមាស គឺជាសង្កាត់១ ក្នុងចំណោមសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដែលទទួលបានសមិទ្ធផលជាផ្លូវច្រើនជាងគេ ហើយអត្ថប្រយោជន៍នៃសមិទ្ធផលទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍យ៉ាងច្រើន ដូចជា ការធ្វើដំណើរបានស្រួល ជាពិសេសធ្វើឱ្យដីឡើងថ្លៃជាដើម។

ទន្ទឹមនឹងនេះ លោកថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដូចជាអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព ពោលគឺមិនមានរាំងស្ទះទៀតទេ ដូច្នេះគណបក្សប្រជាជនកម្ពុជាផ្ដល់នូវសេចក្តីសង្ឃឹម ផ្ដល់នូវទំនុកចិត្ត ដល់សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋទូទៅ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ដើម្បីខ្លួនយើងមានជីវភាពធូរធា មានឱកាសការងារទទួលបាននូវការអភិវឌ្ឍ ទទួលបាននូវសុខសន្តិភាព ទទួលបាននូវការគាំពារសុខភាពសាធារណៈជាដើម»

ជាក់ស្ដែងដូចជាក្នុងកំឡុងដែលប្រទេសជាតិយើងក៏ដូចជាពិភពលោកជួបនូបវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាទទួលរង នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែដោយសារសម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្ស បានខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋក៏ដូចជាសមាជិកសមាជិកាគណបក្ស រហូតបង្កើតបានភាពសាំនៅក្នុងសហគមន៍ ធ្វើឱ្យយើងអាចជួបជុំគ្នាបាន មានឱកាសសប្បាយរីករាយ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅថ្មីៗនេះផងដែរ។

លោកប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្តកំពង់ចាម បានយកឱកាសនោះ ស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕