(កំពង់ធំ)៖ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងលោក ឈន់ ឈន់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងលោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកា របស់គណបក្សប្រជាជននៅស្រុកប្រាសាទសំបូរជិត៧០០នាក់ នាព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២២។

លោក ទង់ គឹមតុល ប្រធានគណៈកម្មាធិការគណបក្សស្រុកប្រាសាទសំបូរ បានឡើងរាយការណ៍ជូនអង្គពិធី នៅការពង្រឹងជំរុញការធ្វើឯកសារអត្តសញ្ញាណ សម្រាប់បម្រើឱ្យការបោះឆ្នោត (ឯ.អ) ជូនប្រជាពលរដ្ឋក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សម្រេចបានភាគរយ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចំនួន៧៣៦នាក់ (ស្រី៤១៦នាក់) លើ២,២៩០នាក់ និង៣១,៩២% ក្នុងនោះការផ្ដល់ជូនដល់សមាជិក គណបក្សប្រជាជនកម្ពុជាបានចំនួ៥៥១នាក់ ស្រី ៣១៧នាក់។

លោក ងួន រតនៈ បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខ និងសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានផ្ដល់ជាកញ្ចប់ថវិកាប្រចាំខែ ជូនប្រជាពលរដ្ឋ ដែលមានជីវភាព ក្រ១ ក្រ២។ ការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋចាប់ពីកុមារអាយុ ៣ឆ្នាំ រហូតដល់មនុស្សចាស់ និងគម្រោងចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្វះខាតដី។

ជាពិសេស លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស ថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែលអ្នកពេញចិត្ត អាចរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យភូមិឃុំមានការរីកចម្រើន។

ជាចុងក្រោយ ប្រជាពលរដ្ឋសប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឲ្យពួកគាត់មានសិទ្ធិ ពេញលេញ ក្នុងការរស់នៅ និងអាស្រ័យផល ជាពិសេសអាចផ្ដល់អំណោយឲ្យកូន ឬអាចលក់ដូរបាន។ សូមសមាជិកសមាជិកាទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវ សន្តិសុខសុវត្ថិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជយោ !!! គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង៕