(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានត្រៀមកម្លាំងជាង១ពាន់នាក់ ដើម្បីការពារសវុត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ ក៏ដូចជាមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ទៀតថា ទាក់ទងបញ្ហានៃការរៀបចំកម្លាំង ដើម្បីការពារទាក់ទងទៅនឹងនៃការ ឃោសនាបោះឆ្នោត, ពេលបោះឆ្នោត រាប់សន្លឹកឆ្នោត និងក្រោយការបោះឆ្នោត ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវផែនការច្បាស់លាស់ ហើយនៅព្រឹកមិញ លោកបានដឹកនាំប្រជុំត្រួតពិនិត្យ ដាក់ទិសដៅ ផែនការ កិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។

លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា ទាក់ទងនឹងការប្រើប្រាស់កម្លាំងក្នុងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ស្នងការដ្ឋាននគរបាលខេត្ត មានកិច្ចសហការជាមួយកម្លាំងអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីការពារគ្រប់គោលដៅ ទាំងអស់ និងទីស្នាក់ការបោះឆ្នោតទាំងអស់នៅក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ៕